(សៀមរាប)៖ ទឹកភ្នែកជាច្រើនដំណក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរមៀលធ្លាក់ទាំងមិនដឹងខ្លួន នៅពេលបានឮឧត្តមស្វាមីរបស់សម្តេច គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាលពីការសោកស្តាយកែវភ្នែកជាទីស្រឡាញ់ត្រូវបានបាត់បង់ក្នុងភ្លើងសង្រ្គាម ជាពិសេសបានឮស្វាមីថ្លែងអំណរគុណចំពោះភក្តីស្នេហ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បើទោះបីសម្តេចធ្លាក់ខ្លួនពិការក្តី ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅតែស្មោះស្ម័គ្រ និងព្រមទទួលយកសម្តេចតេជោធ្វើជាស្វាមី។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកដៃគ្នាចុះទៅសំណេះសំណាល និងសួរសុខទុក្ខយោធិនពិការ និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងមជ្ឈមណ្ឌលយោធិនពិការ៣១៧គូលេន ក្នុងខេត្តសៀមរាប។
ក្នុងកិច្ចសំណេះសំណាលធ្វើឡើងចំពោះមុខអតីតយុទ្ធជន ខ្លះពិការជើង ខ្លះពិការដៃ និងខ្លះទៀតពិការភ្នែកព្រោះតែបុព្វហេតុជាតិនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននឹកដល់ភាពឈឺចាប់របស់សម្តេច ដែលត្រូវបាត់បង់កែវភ្នែកខាងឆ្វេង ព្រោះតែភ្លើងសង្រ្គាមផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប ៤២ឆ្នាំនៃការបាត់បង់គ្រាប់ភ្នែកជាទីស្រឡាញ់របស់សម្តេច (១៦ មេសា ១៩៧៥-១៦ មេសា ២០១៧)។
សម្តេចតេជោ ហ៊ុន សែន ក្រៅពីបង្ហាញការសោកស្តាយកែវភ្នែកជាទីស្រឡាញ់ហើយនោះ សម្តេចក៏បានបង្ហាញការអាណិតអាសូរចំពោះអតីតយុទ្ធជនដទៃទៀត ដែលត្រូវជួបពិការភាពក្នុងភ្លើងសង្រ្គាមផងដែរ តែសម្តេចក៏បានលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែងជម្នះពិការភាពនោះ ដើម្បីសាងនូវឧត្តមភាពជីវិតខ្លួនឯង និងក្រុមគ្រួសារ។
ជាមួយការអាណិតអាសូរហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចដល់ស្រ្តីទាំងឡាយ កុំឲ្យខ្មាសអៀនចំពោះការមានស្វាមីជាជនពិការ ហើយក៏មិនត្រូវបោះបង់ស្វាមីរត់ទៅស្រវ៉ាឱបប្រុសថ្មី ពេលស្វាមីធ្លាក់ខ្លួនពិការនោះដែរ។
ប្រសាសន៍ដល់ត្រង់ចំណុចនេះប្រមុខរាជរដ្ឋាភិបាល ក៏បានងាកទៅមើលឧត្តមភរិយារបស់សម្តេច ដែលអង្គុយនៅខាងឆ្វេងដៃរបស់សម្តេចនោះ ហើយបានពោលពាក្យថ្លែងអំណរគុណ និងកោតសរសើរចំពោះភក្តីស្នេហ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចធ្លាក់ខ្លួនពិការ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនៅពេលនោះមានសម្រស់ស្រស់ស្អាតជាង សម្តេចយ៉ាងណាក្តី ប៉ុន្តែទឹកចិត្តស្មោះស្នេហ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានប្រែប្រួលនោះឡើយ។
ពេលឮពាក្យពេចន៍របស់ស្វាមីដែលពោលឡើងទាំងក្តីក្រៀមក្រោះនោះ បានធ្វើឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងរលឹកដល់ចំណងស្នេហ៍កម្សត់ក្នុងភ្លើងសង្រ្គាម ហើយដំណក់ទឹកភ្នែក ក៏បានរមៀលធ្លាក់មកជាបន្តបន្ទាប់ទាំងមិនដឹងខ្លួន។ តែទោះជាយ៉ាងណាអារម្មណ៍សោកសៅនោះក៏បានរសាយទៅវិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីបានប្តូរប្រធានបទ ដោយបង្វែរទៅមានប្រសាសន៍ពាក់ព័ន្ធការអភិវឌ្ឍន៍នៅក្នុងមណ្ឌលយោធិនពិការវិញនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្មោះស្ម័គ្ររបស់ឧត្តមភរិយារបស់សម្តេច គឺជាគំរូដ៏ល្អមួយសម្រាប់ស្រ្តីដទៃ ដែលមានស្វាមីជាជនពិការ។
សូមរំលឹកថា ចំណងស្នេហ៍រវាងមេដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកើតឡើងក្នុងគ្រាប្រទេសជាតិធ្លាក់ក្នុងអន្លង់នៃភ្លើងសង្រ្គាម បានបន្សល់នូវស្នាមអនុស្សាវរីយ៍ឈឺចាប់ និងកម្សត់ជាច្រើន។ អាពាហ៍ពិពាហ៍របស់សម្តេច នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ត្រូវរៀបចំដោយអង្គការក្នុងសម្លៀកបំពាក់អាវខ្មៅដោយគ្មានញាតិមិត្ត និងភ្លេងបាយឃុនចងដៃនោះ ពោលជាអាពាហ៍ពិពាហ៍យ៉ាងក្រៀមក្រោះបំផុត។ ក្រោយអាពាហ៍ពិពាហ៍ ត្រូវធ្វើដំណើរលើផ្លូវយ៉ាងឆ្ងាយ ដោយកាត់ក្រោមដំណក់ភ្លៀងយ៉ាងខ្លាំងថែមទៀតផង។
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា បើទោះបីចំណងអាពាហ៍ពិពាហ៍គិតឡើងក្នុងស្ថានភាពបែបណាក៏ដោយ ឲ្យតែចេះថែរក្សា គឺចំណងស្នេហ៍នឹងរក្សាបានស្ថិតស្ថេរជារៀងរហូត តែផ្ទុយទៅវិញ បើចំណងអាពាហ៍នោះធ្វើឡើងយ៉ាងមហោឡារឹកយ៉ាងណាក៏ដោយ ក៏បានមិនអាចស្ថិតស្ថេរឡើយបើមិនចេះថែរក្សា៕