(សៀមរាប)៖ គ្រាដែលសង្រ្កាន្តឆ្នាំនឹងរំកិលចូលមកដល់នៅថ្ងៃស្អែកហើយនោះ នៅក្នុងទីក្រុងសៀមរាបអង្គរ ដែលជាទីក្រុង និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះ គេសង្កេតឃើញមានការរៀបចំតុបតែងលំអរ និងកម្ពស់សោភណភាពក្នុងក្រុងយ៉ាងស្រស់ស្អាតជាមួយភ្លើងចម្រុះពណ៌ ការចងពាក្យស្លោកនានា និងទង់ជាតិ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងថា គិតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ ក្រុងសៀមរាបទាំងមូលបានរៀបចំលក្ខណៈសម្បត្តិរួចរាល់អស់ហើយសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាពិសេសសម្រាប់ស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីនោះ។
លោកអភិបាលខេត្ត បានឲ្យដឹងដែរថា ខេត្តបានត្រៀមកម្លាំងសមត្ថកិច្ចរហូតដល់ទៅ ៥០០០នាក់ សម្រាប់ជួយសម្រួលចរាចរណ៍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាធានាឲ្យប្រជាពលរដ្ឋ មកលេខកម្សាន្តនៅក្រុងសៀមរាបក្នុងពេលបុណ្យចូលឆ្នាំទទួលបានភាពសប្បាយរីករាយ។
លោក ឃឹម ប៊ុនសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងកម្សាន្តក្នុងក្រុងសៀមរាប ចូលរួមថែរក្សាអនាម័យ និងចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងអស់គ្នា ដើម្បីឲ្យពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានដំណើរការ ទៅដោយភាពសប្បាយរីករាយទាំងអស់គ្នា។
ខាងក្រោមនេះ គឺជាការបញ្ជាក់របស់លោក ឃឹម ប៊ុនសុង តាមរយៈបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News៖