(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះទេវតាឆ្នាំចាស់ ឆ្នាំវក នឹងត្រូវផ្ទេរតំណែងជូនទេវតាឆ្នាំថ្មី ឆ្នាំរកា, នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺ។ នៅមុនពេលចូលឆ្នាំថ្មីនេះ មិត្តអ្នកអានដែលមានឈ្មោះ ឥន្ធនូ៧ពណ៌ សុំចេញផ្សាយនូវលិខិតមិត្តអ្នកអានបែបកំប្លែងមួយ ដែលធ្វើកិច្ចសម្ភាសផ្តាច់មុខទេវតាឆ្នាំចាស់ ឆ្នាំវក(២០១៦)។

NATO TV៖ បើខ្ញុំចាំមិនភ្លេចទេវតាឆ្នាំមុនៗមិនដែលមានរបាយការ៍៏អ្វីប្លែកទេឃើញតែថ្លែងថា ប្រជាជនជួបសុខសន្តិភាពគ្មានបញ្ហាអ្វីធំដុំ ហើយប្រជាជនរស់ក្នុង សេចក្តីសុខជានិច្ច។ ឥឡូវនេះ ទេវតាឆ្នាំវកដែលនឹងបញ្ចប់តំណែងនេះក៏បានចេញរបាយការណ៍ដូច Copy និង Paste របស់ទេវតាមុនៗដែរ។ តើហេតុអ្វីបានរបាយការណ៍នេះដដែលៗអ៊ីចឹង?

ទេវតាឆ្នាំវក៖ ឲ្យខ្ញុំធ្វើម៉េច? បើសូម្បីរបាយការណ៏លោកឯងខាង NATO ចេញតែព័ត៌មានអាដដែលៗ កោតតែប្រជាជននៅស្តាប់ដែរ...។ លោកគិតមើលទៅ បើប្រជាជនមិនមានសន្តិភាព មិនមានសេរីភាព លោកធ្វើម្តេចអាចនិយាយព័ត៌មានអាក្រក់ពីរដ្ឋាភិបាលបានដូចសព្វថ្ងៃទៅ? ហើយនៅពេលខ្លះមានរឿងមិនសប្បាយចិត្ត ផ្ទាល់ខ្លួនឯង មកជេររាលដាលដល់ទេវតាខ្ញុំដែរក៏មាន..

NATO TV៖ រដ្ឋាភិបាលខ្មែរមានអ្នកដឹកនាំមុខដដែលៗ ឯបក្សប្រឆាំងត្រូវគេកៀបសង្កត់ មិនមានសេរីភាព។ ប្រជាជនមានការខ្វះខាត ឯកម្មករនាំគ្នាតវ៉ាបាតុកម្ម។ល។ មិនដែលឃើញក្នុងរបាយការណ៏ទេវតាឆ្នាំចាស់ទេ? តើអ្វីទៅជាការបញ្ចេញព័ត៌មានពិតនោះ?

ទេវតាឆ្នាំវក៖ ខ្ញុំគ្រប់គ្រងតែផែនដី តែនាយករដ្ឋមន្ត្រីគ្រប់់គ្រងប្រទេស ! រឿងអ្នកដឹកនាំមុខដដែល ដោយសារតែអ្នកឈ្នះជាបក្សដដែលហ្នឹងណា បើលោកចង់ប្តូរលោកខំប្រឹង ឲ្យតែបានឈ្នះគេទៅ ហើយបើប្រឹងតែឈ្លោះគ្នាមានស្រីថ្មី ហើយមកស្រដីឈ្លោះជាមួយគណបក្សកាន់អំណាច តើនរណាគេចិត្តទូលាយម្ល៉េះឲ្យលោកមកគ្រប់គ្រង គេបាននោះ អ្ហាស? អារឿងអ្នកនយោបាយ មិនព្រមចូលមកប្រជុំក្នុងសភា មិនគោរពកតព្វកិច្ចខ្លួនជាតំណាងរាស្ត្រ ហើយចោទរដ្ឋាភិបាលថាកៀបសង្កត់ ជារឿងរបស់គាត់។ ក្រែងប្រជាជន បោះឆ្នោតឲ្យគាត់ចូលធ្វើការ តែបើគាត់មិនចូលធ្វើការ ចង់បើកប្រាក់ខែទទេឬ? ឯរឿងកម្មករមកតវ៉ា និងបាតុកម្មវាជាសេរីភាពប្រជាពលរដ្ឋ ឯថាម្តេចគ្មានក្នុងរបាយការណ៏ លាតំណែង? ព្រោះខ្ញុំមិនចង់ស្តាប់របាយការណ៍រឿងដដែលៗហ្នឹងណា... បើលោកឯងជាអ្នកប្រើពួកគេដើម្បីតវ៉ា ហើយទាញយកប្រយោជន៍ខ្លួនឯងចឹង...

NATO TV៖ ទេវតាមានអំណាចមែន មិនគួរបណ្តោយឲ្យរដ្ឋាភិបាលធ្វើអ្វីស្រេចតែចិត្តដូច្នេះទេ? ហើយស្តាប់ទៅទេវតា ដូចជាលំអៀងទៅគាំទ្រគណបក្សប្រជាជនផង? បើទេវតាសុទ្ធតែលំអៀងរបៀបនេះ តើប្រជាជនទន់ខ្សោយអាចរំពឹងអ្វីទៅ?

ទេវតាឆ្នាំវក៖ ចុម ! ខ្ញុំថាលោកនៅមានសតិល្អ គួរយល់បានហើយ លោកមិនមើលនិម្មិតរូប CPP ជារូបទេវតាទេ? តែលោកសួរត្រូវហេតុអ្វី បណ្តោយឲ្យមាន អ្នកដឹកនាំមុខដដែលៗ និងមិនដាក់សម្ពាធដល់រដ្ឋាភិបាល? រឿងនេះមិនមានអ្វីលាក់បាំងទេ ផែនដីនេះជារបស់ពុកខ្ញុំ គឺព្រះឥន្ធាធិរាជ្យ ឬកុបិលមហាព្រហ្ម លោកមានបុត្រ១២ ហើយអ្នកដឹកនាំផែនដីគ្មានអ្នកណាក្រៅពី១២អង្គហ្នឹង ឯនៅផែនដី ព្រះបិតាខ្ញុំទុកព្រះទ័យសម្តេចតេជោ ហ៊ុន សែន ដូច្នេះមានន័យថា សម្តេចតេជោ ហ៊ុន សែន មានប្រជាជនគាំទ្រគាត់...គាត់ក៏ជាបុគ្គលឆ្នើម ដែលជាទីទុកចិត្តរបស់បិតាខ្ញុំដែរ។ ម្យ៉ាងទៀត វាជារឿងធម្មតាក្នុងប្រទេសប្រជាធិបតេយ្យ ដែលអ្នកជាប់ឆ្នោត ត្រូវបន្តដឹកនាំប្រទេសនោះ។ តើមានរឿងអ្វីដែលលោកត្រូវឈឺចិត្តនោះ?

NATO TV៖ តើអនុសាសន៍អ្វីដែលទេវតាឆ្នាំចាស់២០១៦ ឆ្នាំវក មាននិងចង់បន្តផ្តល់ជូនទេវតាឆ្នាំថ្មី២០១៧ ឆ្នាំរកា ដើម្បីបន្តដឹកនាំប្រទេសឲ្យមានភាពរីកចម្រើន ខណៈអ្នកចេះខ្លះមិន ត្រូវបានសង្គមយកទៅឲ្យជួយសង្គម ចំណែកអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ ឬមនុស្សរស់ក្នុងភាពមិនអត់ឃ្លាន?

ទេវតាឆ្នាំវក៖ ប្រជាជនខ្មែរត្រូវរស់ក្នុងភាពមានគុណធម៌រវបស់ពួកគេ។ កម្មនរណាធ្វើអ្នកនោះទទួល។ រឿងក្រនិងមាន ជារឿងជីវិត? ទេវតាមិនអាចជួយគ្រប់រឿងបានទេ? ក្រៅពីនេះ អ្នកចេះដឹង គួរតែត្រូវបានអញ្ជើញគេឲ្យមកជួយជាតិ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសរីកចម្រើន។ ចំណែកអ្នកមានអំណាច ឬមានលុយ គួរតែចេះចែករំលែកអំណាច និងធនធានរបស់ខ្លួនដល់អ្នកតូចទាប និងអន់ខ្សោយជាងខ្លួន ទើបសន្សំបានកុសលល្អ។ ទាំងនេះជាអ្វីដែលគណបក្សប្រជាជនកំពុងធ្វើហើយតើ...

NATO TV៖ ឆ្នាំ២០១៧កន្លងផុតជាច្រើនខែហើយ ប៉ុន្តែកម្ពុជាបែរជាចូលឆ្នាំក្រោយគេ ដោយត្រូវរង់ចាំរហូតដល់ខែមេសា និយាយរួមជិតពាក់កណ្តាលឆ្នាំបាត់ អីចឹងហើយបានជារបាយការណ៏ឆ្នាំចាស់ មិនមានអ្វីអស្ចារ្យផង?

ទេវតាឆ្នាំវក៖ លោកមិនល្ងង់ដល់ថ្នាក់មិនយល់ថា... ទេវតាក៏មានបរទេស និងទេវតាខ្មែរ។ ទេវតាបរទេសគេប្រញាប់ចូលតាំងពីថ្ងៃ១មករា ហើយសូម្បីតែជិតផុតឆ្នាំ គេមាន Count Down រាប់ថយក្រោយ ដោយមានការអបអរដែរ។ បើលោកប្រញាប់ចង់បានចាស់ដូចគេ លោកចូលឆ្នាំជាមួយគេទៅ។

NATO TV៖ សូមសួរសំណួរចុងក្រោយ នំនិងផ្លែឈើសែនចូលឆ្នាំនេះ អាចសុំយកទៅផ្ញើប្រពន្ធកូនបានទេ? បើទេវតាក៏សែតសោយគង់មិនអស់ដែរ?

ទេវតាឆ្នាំវក៖ លោកយកខ្លះទៅ ហើយកុំភ្លេចអុជធូបថ្លែងអំណរអរគុណដល់ទេវតាផង។ កុំអោយគេបន្ទោសថា លោកគ្មានសុជីវធម៌ និងមិនស្គាល់គុណស្គាល់ទោស៕

ដោយ៖ ឥន្ធនូ៧ពណ៌