(សៀមរាប)៖ ក្នុងឱកាសអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមបើកអង្គរសង្រ្កាន្ត និងលេងកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីអង្គរក្នុងពេលបុណ្យឆ្នាំថ្មីនោះ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក្រៅពីជួបសំណេះសំណាលជាមួយយោធិនពិការហើយ ក៏បានឆ្លៀតទៅជួបសិស្សានុសិស្សនៅតាមសាលាមួយចំនួនក្នុងខេត្តសៀមរាប និងសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅ ៣៩៨បន្ទប់។
សាលាដែលទទួលបានអគារសិក្សា ទីចាត់ការ និងអគារស្នាក់នោះនោះរួមមាន៖
១៖ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ សៀមរាប ស្ថិតនៅភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ វិទ្យាល័យនេះ ទទួលបានអគារសិក្សា ២ខ្នង ហើយមួយខ្នងមានកម្ពស់ ៤ជាន់ ស្មើ ៧២បន្ទប់ និង ១ខ្នងទៀតមាន ៤ជាន់ មាន ២៤បន្ទប់ ព្រមទាំងទីចាត់ការ ១ខ្នងមាន ៣បន្ទប់ និងតារាងបាល់ទាត់ បាល់ទះ និងបាល់បោះដល់ក្មួយៗ ចៅៗ សិស្សា នុសិស្សផងដែរ។
២៖ សាលាបឋមសិក្សាវត្តស្វាយ ស្ថិតនៅ ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ដែលនៅជិតគ្នានឹងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ។ សាលានេះទទួលបានអគារសិក្សា ២ខ្នង ក្នុងនោះ ១ខ្នងមានកម្ពស់ ៣ជាន់ មាន ២១បន្ទប់ និង ១ខ្នងទៀតមានកម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់ ព្រមទាំងទីចាត់ការ ១ខ្នងមាន ៣បន្ទប់ និងចាក់ដីលុបបំពេញស្រះខាងក្រោយដើម្បីសាងសង់សាលាទៀតផង។
៣៖ វិទ្យាល័យអង្គរ ស្ថិតនៅភូមិវត្តបូរព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ សាលានេះទទួលបានអគារសិក្សា ៣ខ្នង ក្នុងនោះ ១ខ្នងមានកម្ពស់ ៤ជាន់ មានចំនួន ៤០បន្ទប់ (សរុបទាំង៣ខ្នងគឺមាន ១២០បន្ទប់) និង អគារស្នាក់នៅរបស់សិស្ស ១ខ្នងកំពស់ ៣ជាន់មាន ៣០បន្ទប់ និងផ្តល់ឲ្យកែលម្អរសួនច្បារទៀតផង។
៤៖ សាលានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតក្នុងស្រុកគូលេ ខេត្តសៀមរាប សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់អគារសិក្សា ១ខ្នង ពីរជាន់ស្មើ ១២បន្ទប់ ព្រមទាំងឲ្យចាត់ចែងរៀបចំប្រព័ន្ធទឹក បង្គន់អនាម័យ ព្រមទាំងតារាងបាល់ទាត់ បាល់ទះ និងកន្លែងហាត់កីឡាផងដែរ៕