(ភ្នំពេញ)៖ ប្រជាពលរដ្ឋសហគមន៍ដីមាស១២៧គ្រួសារ បានបង្ហាញទឹកចិត្ត និងក្តីរំភើបឥតគណនា ដោយស្ទើរពេញមួយជីវិតរបស់ខ្លួន មិននឹកស្មានថា បានផ្លាស់ប្តូរពីទីលំនៅចាស់ ដែលរស់នៅក្នុងភក់ជ្រំ លិចទឹក ស្អុយឆ្អេះឆ្អាប គ្មានបង្គន់អនាម័យត្រឹមត្រូវ បែរជាបានមករស់នៅក្នុងផ្ទះល្វែងថ្មីស្រឡាង ក្នុងបុរីរុងរឿង នាតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ប្រជាពលរដ្ឋសហគមន៍ដីមាស ប្រមាណ១៣៧គ្រួសារ រស់នៅតំបន់មិនរៀបរយ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលទើបផ្លាស់ប្តូរទីលំនៅ បានប្រៀបធៀបការរស់នៅរបស់ពួកគាត់ នាទីតាំងចាស់ដូចទៅនឹងការរស់ នៅក្នុងឋាននរកអីចឹងដែរ ព្រោះពួកគាត់ពិតជាវេទនារាប់ឆ្នាំមកហើយ ប៉ុន្តែដោយសារគ្មានជំរើស ទើបបង្ខំចិត្តរស់នៅទីនោះរហូតមក ហើយក៏ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុន OCIC រំដោះពួកគាត់ចេញពីទីកន្លែងលំបាកវេទនា មករស់នៅកន្លែងថ្មី ដែលពោរពេញដោយផាសុកភាព។
ជាមួយនឹងការផ្លាស់ប្តូរផ្ទះថ្មីនេះ ក្រុមប្រជាពលរដ្ឋសហគមន៍ដីមាសទាំងអស់ បានថ្លែងនូវក្តីគោរពដឹងគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ ដែលបានជ្រោមជ្រែង ពួកគាត់ឲ្យបានផ្លាស់ប្តូរជីវិតថ្មី រស់នៅលើផ្ទះថ្ម ដែលមិនធ្លាប់នឹងស្រមៃថា បានដូច្នេះឡើយ។
ប្រជាពលរដ្ឋទាំងអស់សុទ្ធតែ បានលើដៃសំពះថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងឧកញ៉ា ពង់ ឃាវសែ រួមមទាំងអាជ្ញាធរទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ ចម្រើន និងមានអាយុយ៉ឺនយូរ៕
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដែលទើបនឹងផ្លាស់ប្តូរ លំនៅដ្ឋានថ្មីដូចខាងក្រោម៖