(រតនគិរី)៖ ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកានព្វស័ក ព.ស២៥៦១ គ.ស២០១៧ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី ក្រោមការណែនាំពី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ​រៀបចំពិធីលេងល្បែងប្រជាប្រិយអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

​​ល្បែងប្រជាប្រិយ ដែលចាប់ផ្តើម​លេងក្នុងឱកាសនេះ មានដូចជា ល្បែងវាយក្អម, បោះអង្គុញ, ទាញព្រាត់, លាក់កន្សែង​, រាំវង់, ឡើងសរសរខ្លាញ់។ល។

ក្នុងនាមជាថ្នាក់ដឹកនាំអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជាក់ថា ពិធីត្រូវបានធ្វើឡើង ដើម្បីជាលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ និងបង្ហាញពីភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីអាវុធហត្ថក្រោមឱវាទ ដែលបានបំពេញការងាររយៈពេលពេញ១ឆ្នាំ ក្នុងការ​​បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយលះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ ដែលជាភារកិច្ច។ បើតាមលោកមេបញ្ជាការ  រូបលោកជាមេអង្គភាព បើគ្មានការលើកទឹកចិត្ត និងក្រោមទ្រពីមន្ត្រី​ក្រោមឱវាទទេនោះ ពិតជាមិនអាចប្រកបការងារជោគជ័យនោះទេ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកមេបញ្ជាការ បានឲ្យដឹងថា ចាប់ពីស្អែកនេះពោលគឺថ្ងៃទី១៤ ខែមេសា កម្លាំងរបស់លោក នឹងត្រូវបែងចែកតាមគោលដៅដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេង ដែលមកកំសាន្តក្នុងខេត្តរតនគិរី៕