(ភ្នំពេញ)៖ ក្រុមហ៊ុនជើងសារធានារ៉ាប់រង MGA ASIA បានប្រារព្ធនូវសន្និបាតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅមាន រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទីនៅដើមកាលពីដើមសប្ដាហ៍នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ និងបុគ្គលិកក្រុមហ៊ុន។

លោក មាស សុផាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន MGA ASIA បានថ្លែងថា សន្និបាតចំនួនពីរថ្ងៃនេះ ត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ ហើយមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន MGA ស្នាក់ការកណ្តាលនៅប្រទេសអូស្ត្រាលី ធ្លាប់បានប្រារព្ធកន្លងមក។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា គោលបំណងសំខាន់ៗ នៃការរៀបចំនូវកម្មវិធីនេះមានដូចជា ការរៀបចំជំនួយសប្បុរសធម៌ ការបណ្តុះបណ្តាលជាលក្ខណៈពិសេសដល់បុគ្គលិកទាំងអស់ នូវភាពជាអ្នកជំនាញវិជ្ជាជីវៈ ដែលទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តជាតិ និងធ្វើការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង ដែលជាដៃគូរក្នុងស្រុក។

ជាក់ស្តែង ក្រុមហ៊ុន ក៏បានចុះជួយចែកអំណោយជាសម្ភារៈសិក្សារ និងកីឡាដល់សិស្សានុសិស្សមួយចំនួន និងសម្ភារៈបង្រៀន ដល់លោកគ្រូអ្នកគ្រូ និងកៅអីវែងសម្រាប់អង្គុយ ព្រមទាំងដាំដើមឈើ ក្នុងបរិវេណសាលាបឋមសិក្សាស្រែអំពិល ស្ថិតនៅភូមិស្រែអំពិល ខេត្តកណ្តាល ដោយជំនួយសប្បុរសធម៌នោះ មិនមែនជាការរៀបចំលើកទីមួយ របស់ក្រុមហ៊ុននោះទេ ដោយក្រុមហ៊ុនបាន ចូលរួមកិច្ចការងារសង្គមជាច្រើនរួចមកហើយហើយ នឹងបន្តចូលរួមកិច្ចការងារសង្គមជាបន្តទៀត នាពេលអនាគត។

ជាកិច្ចបញ្ចប់នៃបទសន្និបាទនេះ ក្រុមហ៊ុនបានប្រារព្វនូវពិធីជប់លៀងអាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធានារ៉ាប់រង ដែលជាដៃគូរជាច្រើនទៀត ដូចជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ FORTE, INFINITY, CVI, CAMPU LONPAC និង PEOPLE & PARTNERS ដើម្បីជាការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនជើងសារធានារ៉ាប់រង MGA ASIA និងក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកទំាងអស់ នៅកម្ពុជា ឲ្យកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរថែមមួយកំរិតទៀត។

សូមបញ្ជាក់ផងដែរថា MGA ជាក្រុមហ៊ុនជើងសារធានារ៉ាប់រងអាជីពដែលផ្តល់ និងចែកចាយសេវាធានារ៉ាប់រងទូទៅ ទំាងក្នុងនិងក្រៅស្រុក ដែលមានស្នាក់ការកណ្តាល នៅប្រទេសអូស្រ្តាលី។ MGA ត្រូវបានជាប់ចំណាត់ថ្នាក់ ជាក្រុមហ៊ុនជើងសារធានារ៉ាប់រងកំពូលទាំង១០ នៅក្នុងប្រទេសអូស្រ្តាលី ដែលមានជាង៤០សាខា គ្របដណ្តប់គ្រប់តំបន់ទូទាំងប្រទេសអូស្រ្តាលី៕