(ពោធិ៍សាត់)៖ សមិទ្ធផលនានាមានតម្លៃជាង១០ម៉ឺនដុល្លារ រួមមានរោងទទួលភ្ញៀវ រោងស្គរធំ ក្លោងទ្វាចូលវត្តខាងកើត ក្លោងទ្វាចូលសាលា ស្រះទឹក របង ចាក់សាប ចាក់ដីផ្លូវខាងកើត និងសមិទ្ធផលផ្សេងៗទៀត ដែលមាននៅក្នុងវត្តវាល ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសាងសង់រួចជាស្ថាពរ ក្រោមគំនិតផ្តួចផ្តើមពី លោកឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោកស្រី កាន់ ចន្ទ្រា ព្រមទាំងពុទ្ធបរិស័ទ្ធក្នុង និងក្រៅប្រទេស បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ពិធីនេះបានការអញ្ជើញចូលរួមពី លោក ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក និងលោកស្រី កុយ ណារុន ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស យាយជីតាជី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក មួង ប៉េងជូ ប្រធាគណៈកម្មការវត្តវាល បានជម្រាបជូនសមិទ្ធផល ដែលបានធ្វើបុណ្យឆ្លងនាពេលនេះ រួមមាន ចាក់សាបក្នុងទីធ្លាវត្ត សាងសង់ក្លោងទ្វាពីខាងមុខ និងក្លោងទ្វាសាលាបឋមសិក្សា រោងដាក់ស្គរធំ រោងទទួលភ្ញៀវ ចាក់ដីតាមបណ្តោយផ្លូវមុខវត្ត របងបេតុង ១៣០ចន្លោះ និងជីកស្រះទឹក ៣៥គុណ២៥ម៉ែត្រ និងជម្រៅ៤,៥០ម៉ែត្រ ដោយចំណាយថវិកាជាង១០ម៉ឺនដុល្លារអាមេរិក។ ចំពោះទិសដៅព្រះចៅអធិការ និងគណៈកម្មការវត្ត មានគម្រោងកសាងព្រះពុទ្ធបដិមាបរិនិព្វានមួយព្រះអង្គ ដែលមានប្រវែងព្រះកាយ២១ម៉ែត្រ និងកសាង ជណ្តើរធ្វើអំពីបេតុងចុះទៅស្ទឹងពោធិ៍សាត់បន្ថែមទៀត។
លោកប្រធានគណៈកម្មការ ក៏បានលើកឡើងអំពីប្រវត្តិសង្ខេប និងសមិទ្ធផលដែលកើតមាន ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ មានការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការគ្រប់គ្រងដឹកនាំដោយព្រះតេជគុណ ជុំ សារឿន ព្រះចៅអធិការវត្ត និងបានការជួយឧបត្ថម្ភគាំទ្រពី លោកឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោកស្រី កាន់ ចន្ទ្រា និងលោកឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជាសេនាធិការកងទ័ពជើងទឹក និងលោកស្រី កុយ ណារុន រួមជាមួយពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយលោកបានថ្លែងថា នៅរាល់សមិទ្ធិផលដែលកើតមានទាំងវិស័យអាណាចក្រ និងពុទ្ធចក្រនៅទូទាំងប្រទេស គឺបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ប្រកដោយប្រសិទ្ធិភាព និងភាពឈ្លាសវៃ។
អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា «យើងពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលទាំងឡាយ នៅក្នុងវត្តវាល ក៏ដូចបណ្តាវត្តនានានៅពេលនេះ ព្រោះជាមនុញ្ញផល បានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល់ និងការជឿជាក់ចំពោះសាសនា ហេតុនេះសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាទុកជាគុណប្រយោជន៍ និងសម្បត្តិរួម របស់យើងទាំងអស់គ្នាទាំងខាងផ្លូវលោក និងផ្លូវធម៌ ហើយអ្វីដែលសំខាន់ចាប់ពីពេលនេះ ដល់ពេលខាងមុខគប្បីបងប្អូនប្រជាពលរដ្ឋត្រូវចេះធ្វើការពិចារ ណានូវអ្វីដែលសុខ និងអ្វីដែលរីកចម្រើន កុំចេះតែជឿទៅតាមការឃោសនា បោកប្រាស់របស់ជនអគតិមួយចំនួន បានត្រឹមតែថា សន្យាមិនដែលបានជួយកសាងអ្វីសោះ»។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកជូនក្រណាត់ស ដល់យាយជីតាជីចំនួន២០០នាក់ ព្រមទាំងបន្តកាត់ខ្សែបូសម្ពោធសមិទ្ធផល និងរាប់បាតព្រះសង្ឃ ១០៨អង្គផងដែរ៕