(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវជាថ្មីម្តងទៀត​ ឲ្យជនពិការនៅកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងជម្នះក្នុងឧបសគ្គជីវិត ជម្នះភាពពិការរបស់ខ្លួន ដើម្បីសាងនូវភាពថ្លៃថ្នូរសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ សម្តេចតេជោថា បើទោះបីពិការកាយ តែមិនពិការចិត្ត គឺជនពិការទាំងអស់ នៅតែអាចស្វែងរកឧត្តមភាពនៃជីវិតសម្រាប់ខ្លួនឯង និងក្រុមគ្រួសារដូចជនមិនពិការដូច្នោះដែរ។ (ស្តាប់ប្រសាសន៍សម្តេចតេជោ)

ការថ្លែងអំពាវនាវ និងលើកទឹកចិត្តឲ្យជនពិការប្រឹងប្រែង សាងឧត្តមភាពជីវិតនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតក្នុងស្រុកគូលេន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងពិធីនោះ សម្តេចបានរំលឹកថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គឺឈានដល់គម្រប់ខួប ៤២ឆ្នាំ (១៦ មេសា ១៩៧៥-១៦ មេសា ២០១៧) នៃការបាត់បង់គ្រាប់ភ្នែកឆ្វេងរបស់សម្តេចក្នុងសមរភូមិសង្រ្គាម។ សម្តេចតេជោ បានថ្លែងថា ការបាត់បង់កែវភ្នែកជាទីស្រឡាញ់របស់សម្តេច គឺគ្មានអាចរកមកវិញបាននោះទេ ប៉ុន្តែសម្តេចមិនបានបណ្តែតបណ្តោយឲ្យចិត្ត របស់សម្តេចត្រូវពិការតាមកែវភ្នែកនោះឡើយ ហើយបានប្រឹងប្រែងងើបឈរឡើង ជម្នះឧបសគ្គគ្រប់បែបយ៉ាង។

និយាយដល់ការប្រឹងប្រែងជម្នះនូវឧបសគ្គនេះ សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវទៅដល់ជនពិការត្រូវតែប្រឹងងើបឈរឡើង ដើម្បីសាងឧត្តមភាពជីវិត ដោយមិនត្រូវទុកឲ្យពិការភាពនេះអូសទាញជីវិត ឲ្យធ្លាក់ទៅក្នុងភាពវេទនានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតទទូចឲ្យភរិយារបស់ជនពិការទាំងអស់ ត្រូវស្មោះត្រង់ស្មោះស្ម័គ្រចំពោះស្វាមីរបស់ខ្លួន ពោលមិនត្រូវបោះបង់ប្តីនៅពេលពួកគាត់ធ្លាក់ខ្លួនពិការនោះឡើយ។ សម្តេចក៏បានស្នើឲ្យកូនៗរបស់ជនពិការទាំងអស់ មិនត្រូវខ្មាសអៀនចំពោះការដែលមានឪពុកជាជនពិការនោះឡើយ តែគួរតែមានមោទនភាពចំពោះឪពុក ដែលបានខិតខំ និងបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ​ និងរកសុខសន្តិភាពជូនប្រទេសជាតិ។

និយាយដល់ភាពស្មោះត្រង់សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភរិយារបស់សម្តេច បើទោះបីសម្តេចធ្លាក់ខ្លួនពិការ តែភរិយារបស់សម្តេចនៅស្រឡាញ់ និងស្មោះស្ម័គ្រជាមួយសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាគំរូមួយសម្រាប់ស្រ្តីខ្មែរដទៃទៀត ដែលមានស្វាមីជាជនពិការ។

បើទោះបីជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តគិតគូរយកចិត្តទុកដាក់ ហើយរួមរស់ជាមួយជនពិការជានិច្ច បើទោះលទ្ធភាពមានកម្រិត ប៉ុន្តែនៅតែបន្តការងារបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ៕