(មណ្ឌលគិរី)៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងនគរបាលចរាចរ និងនគរបាលមូលដ្ឋាន ចុះទៅណែនាំដោយផ្ទាល់ដល់អ្នកបើករថយន្តឈ្នួល ទាំងឡាយ ត្រូវបើកបរឲ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវតម្លើងលើសថ្លៃនោះទេ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្រោមការអំពាវនាវពីសម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះ យើងបានចុះមកណែនាំផ្ទាល់ដល់អ្នកបើករថយន្តឈ្នួល ត្រូវគោរពច្បាប់ កុំបើកលឿន បើកបរមិនប្រើគ្រឿងស្រវឹង និងកុំបើកបរជែងគ្នាដោយប្រថុយប្រថាន ហើយសូមកុំតម្លើងថ្លៃរថយន្តសម្រាប់ដឹកអ្នកដំណើរ»។
ជាការឆ្លើយតប លោកស្នងការថា បងប្អូនអ្នករត់រថយន្តឈ្នួល បានចូលរួមសហការដោយរីករាយ និងសន្យាថា នឹងបើកបរគោរច្បាប់របស់ប្រទេសជាតិ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់សង្គមមួយនេះ។
កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើលើផ្លូវទាំងអស់សូមគោរពតាមគោលការណ៍បើកបរ១០ចំណុចដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាការធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចខាងក្រោម៖
១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។ល។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។
៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត់។
៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។
៨៖ មិនត្រូវបត់ ឬជែង ក្នុងភាពប្រថុយប្រថាន។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ អធ្យាស្រ័យ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមគោរពអនុវត្តច្បាប់ ក៏ដូចអនុវត្តសេចក្តីអំពាវនាវនេះពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីរីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕