(ភ្នំពេញ)៖ នៅក្នុងសារចូលរួមអបអរសាទរ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរ លោក Rex Trillerson រដ្ឋមន្រ្តីការបរទេសអាមេរិក បានផ្ញើសារចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខ្មែរ។ នៅក្នុងសារអបអរសាទរ ដែលបង្ហោះលើទំព័រ Facebook ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិកឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ និងជាមិត្តរបស់កម្ពុជា។
លោក Rex Trillerson បានថ្លែងគូសបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីខ្មែរ គឺជាឱកាសសម្រាប់ឆ្លុះបញ្ចាំងលើភាពជាដៃគូប្រកបដោយផ្លែផ្កា ជាច្រើនឆ្នាំមករវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ហើយអាមេរិក និងកម្ពុជា បានធ្វើការជាមួយគ្នាដើម្បីបង្កើនពាណិជ្ជកម្ម ពង្រឹងសង្គមស៊ីវិល លើកកំពស់សុខភាព និងការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងគូសបញ្ជាក់ដូច្នេះ «ក្នុងពេលដែលលោក អ្នកជួបជុំគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ដើម្បីអបអរវប្បធម៌ និងប្រពៃណីដ៏សំបូរបែបរបស់កម្ពុជា សូមលោកអ្នកចាំថា សហរដ្ឋអាមេរិកឈរជាមួយប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ និងជាមិត្តរបស់កម្ពុជា»។
លោករដ្ឋមន្រ្តីការបរទេស ក៏បានជូនពរឲ្យប្រទេស និងប្រជាជនកម្ពុជាជួបតែសុខសន្តិភាព វិបុលភាព និងសុភមង្គល នៅក្នុងឆ្នាំថ្មី។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅរំលងអាធ្រាត្រថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមេសា នេះហើយ។ ពិធីបុណ្យនេះ គឺជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ និងជាឱកាសដែលប្រជាពលរដ្ឋជួបជុំក្រុមគ្រួសារផងដែរ។
រាងរាល់បុណ្យចូលឆ្នាំខ្មែរ អាមេរិក តែងតែធ្វើសារចូលរួមអបអរសាទរ និងជូនពរពលរដ្ឋខ្មែរជារៀងរាល់រាល់ឆ្នាំ តែសារអបអរសាទរបុណ្យចូលឆ្នាំរបស់អាមេរិក ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ណាស់ត្រាំ ហាក់បានបង្កប់អត្ថន័យមិត្តភាពស៊ីជម្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ជាងសារអបអរសាទររបស់រដ្ឋបាលអាមេរិកសម័យមុនៗ៕