(ភ្នំពេញ)៖ វេលាព្រឹកព្រហៀម ព្រះអាទិត្យបញ្ចេញកាំរស្មីពីទិសខាងកើត បាញ់ពីក្រោយវិមានកាណាឌីយ៉ា ធ្លុះដល់ស្ថានីយរថភ្លើង សម្លេងម៉ូតូ រថយន្តកងរំពងខ្ញៀវខ្ញារតាមច្រករាជធានីភ្នំពេញ ដែលទិដ្ឋភាពនេះ ស្ដែងឲ្យឃើញពីសកម្មភាពរបស់ប្រពលរដ្ឋ កំពុងម្នីម្នាចេញដំណើរឆ្ពោះទៅ រកស្រុកកំណើតរៀងៗខ្លួន ញ៉ាំងវិថីនានាឲ្យមានការមមាញឹកអ៊ូអរជាថ្មី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកានេះ។
ប្រជាពលរដ្ឋមានភាពសុខសាន្តសប្បាយរីករាយ មានឱកាសជួបជុំក្រុមគ្រួសារ ញាតិសន្ដាន នៅទីជិតទីឆ្ងាយ មានជីវភាពធូរធា មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ មានលុយកាកចាយវាយហូរហៀរ មានផ្លូវខ្វាត់ខ្វែងធ្វើដំណើរស្រួលបួល ភូមិ/ឃុំមានសុវត្ថិភាព មានសណ្ដាប់ធ្នាប់ ពិសេសគឺសន្តិភាព និងស្ថិរភាពនេះឯង ដែលជាកត្តាធំបំផុត ក្នុងការផ្ដល់នូវអ្វីៗគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋកម្ពុជាគ្រប់គ្នា។
ពិតណាស់! ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ និងបញ្ចប់ទៅវិញ នៅថ្ងៃទី១៦ ខែមេសា ខាងមុខ។ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ ធ្វើដំណើរទៅទីជិតក្ដី ទីឆ្ងាយក្ដី គប្បីត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមថែរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ កុំឡើយមានការឈ្លោះប្រកែកគ្នា ត្រូវស្រឡាញ់រាប់អានគ្នា មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ពិសេសជាងនេះទៅទៀត ពេលទៅដល់ស្រុកកំណើតកម្សាន្តសប្បាយហើយ សូមប្រជាពលរដ្ឋកុំភ្លេចជួយក្រើនរំឭកគ្នា ផ្សព្វផ្សាយ ណែនាំ ពន្យល់ ជំរុញ ដាស់តឿន អំពីការត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដល់លោកយាយលោកតា លោកឪពុកអ្នកម្ដាយ លោកពូអ្នកមីង បងប្អូន ក៏ដូចជាសាច់ញាតិជិតឆ្ងាតទាំងអស់គ្នា ដើម្បីចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ និងដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានណាមួយ ដែលខ្លួនពេញចិត្ត។
ខាងក្រោមនេះ ជាសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តនានា៖