(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខយោធិនពិការ និងគ្រួសារសរុបជាង ១ពាន់នាក់ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលេន ខេត្តសៀមរាប។
ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចនាយករដ្ឋមន្រ្តី បានសំណេះសំណាល និងបានជួយដោះស្រាយការលំបាកយ៉ាងច្រើនជូនយោធិនពិការ។
ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខនេះ៖
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះការចាត់ចែងរបស់ក្រសួងស្ថាប័នជាតិ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកប្រាក់ទាំងឡាយ បូករួមទាំងប្រាក់ដំឡើងថ្មី និងប្រាក់ឧបត្ថម្ភជូនយោធិនពិការបានទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់បៀវត្សរ៍សម្រាប់យោធិនពិការ នាពេលបច្ចុប្បន្នមិនតិចជាង ១លានរៀលនោះទេ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតាមរយៈសមាគមអតីតយុទ្ធជន គឺបានប្រឹងប្រែងខ្លាំងក្នុងការជួយដល់យោធិនពិការ ក៏ដូចជាអតីតយុទ្ធជន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបាត់បង់សរីរាង្គកាយមិនអាចផ្តល់ឲ្យយើងមកវិញនោះទេ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចគ្មានអ្វីអាចធ្វើឲ្យភ្នែកឆ្វេងរបស់សម្តេចភ្លឺឡើងវិញដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ខួប ៤២ឆ្នាំនៃការបាត់បង់ភ្នែករបស់សម្តេច (១៦ មេសា ១៩៧៥-១៦ មេសា ២០១៧)។
សម្តេចនាយករដ្ឋមន្រ្តី បន្តថា សម្តេចគ្មានឱកាសបានទទួលកែវភ្នែក ជាទីស្រឡាញ់មកវិញនោះឡើយ ប៉ុន្តែក៏មិនបាក់ទឹកចិត្តនោះឡើយ។ សម្តេចបានអំពាវនាវឲ្យជនពិការ និងយោធិនពិការទាំងអស់ត្រូវតែតស៊ូឡើង កុំផ្តេកផ្តួលជាមួយភាពពិការរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ភរិយាយោធិនពិការទាំងអស់ កុំបោះបង់ និងមើលងាយស្វាមីក្រោយធ្លាក់ខ្លួនពិការ។ សម្តេចក៏បានអំពាវនាវដល់កូនៗយោធិនពិការ ក៏មិនត្រូវតូចចិត្តជាមួយពិការភាពរបស់ឪពុក។
សម្តេចបានបន្ថែមថា កូនៗជនពិការត្រូវមានមោទនភាពជាមួយឪពុក ដែលបានប្រឹងប្រែងពលីកម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោធិនពិការនាពេលបច្ចុប្បន្ន មិនកម្សត់ដូចពេលសម្តេចពិការនោះទេ ព្រោះមានរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧត្តមភរិយារបស់សម្តេច បើទោះបីសម្តេចធ្លាក់ខ្លួនពិការ តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបោះបង់សម្តេច ហើយនៅតែបន្តក្តីស្រឡាញ់។ សម្តេចមានប្រសាសន៍ថា នេះជាគំរូដល់គ្រួសារដទៃទៀត។
ប្រមុខរាជរដ្ឋាភិបាល ដែលពិការភ្នែកក្នុងសមរភូមិ បានថ្លែងថា ការប្រឹងប្រែងរបស់សម្តេច ក៏ជាគំរូដល់ជនពិការដទៃទៀត។ សម្តេចតេជោ ក៏បានរិះគន់ដល់អ្នកប្រមាថសម្តេច ដោយហៅសម្តេចថា «អាខ្វាក់»។ សម្តេចបានលើកថា ការប្រមាថនេះមិនមែនជាការប្រមាថត្រឹមតែសម្តេចនោះទេ គឺជាការប្រមាថដល់ជនពិការទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បន្តជីកអណ្តូងជូនយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍គូលេន ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគាត់។
សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅយោធិនពិការថា សូមឲ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គឺមិនបោះបង់ពួកគាត់នោះឡើយ។ សម្តេចបានថ្លែងថា លទ្ធភាពនៅមានកម្រិត តែក៏នៅតែបន្តជួយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជជែកជាមួយលោកគ្រូ អ្នកគ្រូ និងចាត់ដោះស្រាយលើបញ្ហាអប់រំមួយចំនួននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដោយបានសម្រេចផ្តល់អគារសិក្សា ១ខ្នង កម្ពស់ពីរជាន់ ស្មើ ១២បន្ទប់ ព្រមទាំងចាត់ចែងកសាងបង្គន់ តារាងបាល់ និងជីកអណ្តូងទឹកផងដែរ។
សម្តេចតេជោ ហ៊ុន សែន ហាមផ្តាច់កុំឲ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ កុំឲ្យមានល្បែងស៊ីសង និងកន្ទុយលេខ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់យោធិនពិការថា ល្បែងមិនដែលនាំមកនូវក្តីចម្រើននោះទេ គឺមានតែភាពអន្តរាយ។
សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖២៨នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។ សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕