(សៀមរាប)៖ ដោយស្មារតីនៃការយកចិត្តទុកដាក់លើសុខទុក្ខរបស់យោធិនពិការព្រោះតែបុព្វហេតុជាតិមាតុភូមិ និងដោយក្តីនឹករលឹកផងនោះ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកដៃគ្នាចុះមកសាកសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយយោធិនពិការ និងក្រុមគ្រួសាររបស់ពួកគេនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតនៅក្នុងស្រុកគូលេន ខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលដែលធ្វើឡើងនៅមុនការឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គេសង្កេតមានការចូលរួមយ៉ាងច្រើនកុះករ ពីយោធិនពិការ ក្រុមគ្រួសារ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាមួយទឹកមុខញញឹមញញែមបង្ហាញនូវ ក្តីសប្បាយរីករាយជាមួយការបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំជាតិ ដែលតែងតែគិតគូរលើជីវភាព និងសុខទុក្ខរបស់ពួកគេ។
លោកឧត្តមសេនីយ៍ ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមបង្កើតឡើងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១០ ដែលរហូតមកដល់ពេលនេះមានរយៈពេលជាង ០៦ឆ្នាំហើយ។ លោក ពៅ ស៊ា បានឲ្យដឹងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧នេះ មានអ្នករស់នៅសរុប ២៥០គ្រួសារ ក្នុងនោះមានយោធិនពិការ ២៣០គ្រួសារ លោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្ត ១៨គ្រួសារ ពេទ្យឆ្មបស្ម័គ្រចិត្ត ០២គ្រួសារ។
បើទោះបីជាមជ្ឈមណ្ឌលអភិវឌ្ឍន៍មួយនេះ ស្ថិតទីជនបទឆ្ងាយយ៉ាងណាក្តី តែក៏មានសាលារៀនសម្រាប់បណ្តុះបណ្តាលកូនចៅរបស់យោធិនពិការ មណ្ឌលសុខភាពសម្រាប់ផ្តល់សេវាព្យាបាល រួមនិងទីអារាមសម្រាប់ប្រណិប័តន៍ធម៌របស់ព្រះសម្មាសម្ពុទ្ធផងដែរ។
លោក ពៅ ស៊ា បានគូសបញ្ជាក់ថា ការបង្កើតឲ្យមានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការនេះឡើង រួមជាមួយការយកចិត្តទុកដាក់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងនោះ បានធ្វើឲ្យយោធិនពិការ រួមនិងគ្រួសាររស់នៅមានជីវភាពល្អប្រសើរ និងមានលំនឹងជីវិត ពោលមិនបានរស់នៅឯកោនោះឡើយ។
បើទោះបីអតីតយោធាដែលបានពលីកម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិទាំងនេះ ជួបពិការភាពខ្លះពិការដៃ ខ្លះពិការ និងខ្លះទៀតពិការភ្នែកយ៉ាងណាក្តី តែពួកគេក៏បានប្រឹងប្រែងបង្កបង្កើនផលធ្វើស្រែចំការ និងចិញ្ចឹមសត្វសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ លោក ពៅ ស៊ាន បានបញ្ជាក់ថា បច្ចុប្បន្នក្រុមយោធិនពិការធ្វើស្រែបានចំនួន ៥ហិកតាកន្លះ និងដាំដំណាំបន្លែបង្ការរួមផ្សំមួយចំនួនធំ ក្នុងនោះដំឡូងមីបានចំនួន ១០៦ហិកតា ប្រមូលផលបាន ១,៧៣៩តោន ប្រមូលផលផ្លែស្វាយបានជាង ១៨តោន និងផ្លែពុទ្រាបានជាង ១តោន។ ពួកគាត់ ក៏បានចិញ្ចឹមសត្វដូចជា ទា ជ្រូក គោ និងត្រី បានសរុប ១,៣៤៥ក្បាលផងដែរ។
សូមបញ្ជាក់ថា ក្រៅពីការសំណេះសំណាល និងសួរសុខទុក្ខទៅនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំអំណោយម៉ូតូ កង់ រួមនិងគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួនចែកជូនដល់យោធិនពិការផងដែរ៕