(ភ្នំពេញ)៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធីគ្រុប បានប្រារព្ធពិធីជប់លៀងជូន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុបចំនួន ១,៨៥០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលមកពីប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ សាលាប៊ែលធីអន្តរជាតិ ប៊ែលធីទំនាក់ទំនងអន្តរជាតិ និងសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលនាំឲ្យប៊ែលធី មានការរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីប៊ែលធីមានតែមួយទីតាំង រហូតដល់បច្ចុប្បន្នមាន ២០ទីតាំង ក្នុងនោះ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្ពស់ ១៥ជាន់ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និង១៩ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ ដែលមានកម្ពស់ ចាប់ពី ៧ជាន់ ដល់ ៩ជាន់។
លោកបានថ្លែងបន្ថែមទៀតថា ថ្មីៗនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបើកឲ្យដំណើរការនូវការបង្រៀនជាភាសាជាតិ លើកម្មវិធីសិក្សាជាភាសាអន្តរជាតិដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់និស្សិត។ ក្នុងការបង្រៀនភាសាជាតិនេះ សាកលវិទ្យាល័យក៏បានបញ្ចូលភាសាអង់គ្លេស រួមជាមួយភាសាខ្មែរផងដែរ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ ក៏មានបើកបង្រៀនថ្នាក់គរុកោសល្យផងដែរ ដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា ហើយមានបំណង់ចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស។ ថ្នាក់គរុកោសល្យនេះ មានរយៈពេល ៦ខែ ហើយពេលសិស្ស-និស្សិតរៀនចប់ អាចយកសមត្ថភាពទៅបង្រៀនទាំងផ្នែកចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស បានដោយងាយស្រួល និងអាចចាប់អាជីពជាគ្រូបង្រៀន ដើម្បីចិញ្ចឹមជីវិតទៅថ្ងៃក្រោយផងដែរ។
សាកលវិទ្យាល័យ ក៏មានបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខជំនាញសំខាន់ៗ ដែលស្របជាមួយទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
១-ថ្នាក់អនុបណ្ឌិត (MASTER’S PROGRAM) មានជំនាញសំខាន់ៗដូចជា
១. អប់រំភាសាអង់គ្លេស (Master of Arts in TESOL)
២. គ្រប់គ្រងពាណិជ្ជកម្ម (Master of Business Administration)
៣. ពាណិជ្ជកម្មអន្តរជាតិ (Master of International Business)
៤. អភិវឌ្ឍន៍សេដ្ឋកិច្ច (Master of Economic Development)
២-ថ្នាក់បណ្ឌិត (DOCTORAL PROGRAM)មានជំនាញសំខាន់ៗដូចជា
១. រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (PhD in Educational Administration and Leadership)
២. គ្រប់គ្រងពាណិជ្ជកម្ម (PhD in Business Administration)
៣. ពាណិជ្ជកម្មអន្តរជាតិ (PhD in International Business)
ក្នុងឱកាសនោះដែរ លោក លី ឆេង និងលោកស្រី ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ព្រមទាំងមានកម្មវិធីរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ៕