(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី២ ចំនួន៥១រូប នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។
ពិធីចែកខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប សាកលវិទ្យាល័យធិការ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអង្គរប្រមាណ ៣០០នាក់។
វគ្គបណ្តុះបណ្តាលថ្នាក់ជាតិជំនាន់ទី២នេះ ត្រូវបានបញ្ចប់ដោយសិក្សា រយៈពេល៤ខែ និងចុះកម្មសិក្សា២ខែ ដែលមានជំនាញផ្នែកភាសាចំនួន០៨ ដូចជា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ អ៉ីតាលី អេស្បាញ និងអាល្លឺម៉ង់។
រដ្ឋមន្រ្តី ថោង ខុន បានលើកឡើងថា «មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារអំពីប្រទេស» ដែលផ្តល់ព័ត៌មាន ពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងផលិតផលទេសចរណ៍នានារបស់ប្រទេសដល់ទេសចរអន្តរជាតិ ពោលគឺ ចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីកិក្យានុភាពកម្ពុជាទៅកាន់ពិភពលោក។
ដូចនេះ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ព្រមទាំងចូលរួមជាមួយរាជ រដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល។
ជាការកត់សំគាល់ នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍ មាន៥ប្រភេទ៖ មគ្គុទ្ទេសក៍ទេសណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស។ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ សំដៅដល់មគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ការងារច្រើន និងមានចំណេះដឹងខ្ពស់ ហើយមានសិទ្ធិនាំភ្ញៀវទេសចរទៅគ្រប់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃអនុក្រឹត្យស្តីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា។
ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ បេក្ខជនត្រូវចូលរួមប្រឡងជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ តាមសាលា ឬសាកលវិទ្យាល័យដែលបានទទួលសិទ្ធិបណ្តុះបណ្តាលពីក្រសួងទេសចរណ៍។ បន្ទាប់មកត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ នៅក្រសួងទេសរណ៍ ឬមន្ទីរទេសចរណ៍។
ជាមួយគ្នានោះ រដ្ឋមន្រ្តី ថោងខុន បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ខិតខំពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវ:របស់ខ្លួន ឲ្យស័ក្តិសមជាមគ្គុទ្ទេសក៏ថ្នាក់ជាតិ ដែលត្រូវមានចំណេះដឹងទូលំទូលាយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្រ្ត ប្រពៃណី សិល្ប: វប្បធម៌ខ្មែរ។
លោក ថោង ខុន ក៏បានលើកឡើងផងដែរថា សន្តិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាចំបងដែលជំរុញដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍បច្ចុប្បន្ន និងទៅអនាគត។
សូមរំលឹកថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៥លាននាក់ ក្នុងកំណើន៥ភាគរយ។ តាមរបាយការណ៍ របស់ក្រុមប្រឺក្សាធ្វើដំណើរនិងទេសចរណ៍ ពិភពលោក (world travel and tourism council WTTC)ចេញផ្សាយឆ្នាំ២០១៦ បានបង្ហាញថា កម្ពុជាបង្កើតបានការងារដោយផ្ទាល់ និង ប្រយោលប្រមាណ ២ ,៣លាននាក់ ពី ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។ ដោយឡែក ការងារដោយផ្ទាល់ពី ឧស្សាហកម្មទាំងពីរនេះប្រមាណ ១,២លាននាក់ ស្មើនឹង១៤ភាគរយ នៃការងារការងារសរុប និងនាំមកនូវចំណូលជាតិ ប្រមាណ ៣.៤០០ លានដុល្លារ រួមចំណែកប្រមាណ ១៣,៥ភាគរយ នៃផលិតផលសក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់ រកចំណូលជូនជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារ ដោយផ្ទាល់ជិត១លាននាក់៕