(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ដល់ជយលាភីវាយកូនហ្គោល ដែលបានប្រកួតប្រជែងគ្នានាព្រឹកមិញនេះ។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងសណ្ឋាគរអង្គរផាលែស ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ និងកីឡាករ កីឡាការិនីជាអ្នកវាយកូនហ្គោលប្រមាណ ១៤០នាក់។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ កីឡាករ កីឡាការិនីវាយកូនហ្គោល ១៤០នាក់ មកពី២០ប្រទេស រួមមានទាំងឯកអគ្គរាជទូតថៃ ឯកអគ្គរាជទូតព្រុយណេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ឯកអគ្គរដ្ឋទូតឥណ្ឌា និងឯកអគ្គរដ្ឋទូតប៉ាគីស្ថានផងដែរ បានមកប្រកួតគ្នាវាយកូនហ្គោលនៅលើទីលានអង្គររីសតក្នុងទឹកដីខេត្តសៀមរាប ដើម្បីដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
ការប្រកួតនេះ ចែកចេញជាពីរវេណគឺពេលព្រឹក និងពេលល្ងាច ហើយការប្រកួតមានលក្ខណៈជាក្រុម និងជាបុគ្គល។ ការប្រកួតនេះ គឺស្វែងរកជយលាភីពីលេខ១ ដល់លេខ៣។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញដើរវាយកូនហ្គោលអស់រយៈពេលជាច្រើនម៉ោងផងដែរ។
នៅរាត្រីនេះ ក្រៅពីការប្រគល់រង្វាន់ដល់ជយលាភីទៅ សម្តេចតេជោ ហ៊ុន សែន រួមនិងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងកីឡាករ កីឡាការិនីវាយកូនហ្គោល ក៏បានពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕