(បន្ទាយមានជ័យ)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ១៣ស្ថាប័ន ក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ជំរុញឲ្យកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាកងកម្លាំងនៅក្នុងខេត្តទាំងមូល ត្រូវជួយថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកលេងស្រុកកំណើត។
យ៉ាងណាមិញ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កើតសសើរចំពោះកងកម្លាំង បានជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់ និងជួយកសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ បានទាន់ពេលវេលានេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ក្នុងចំណោម១៣អង្គភាព ទទួលបានថវិកាចំនួន២២,៥៤០,០០០រៀល, ស្រាវីស្គីចំនួន១៤៤ដប, ស្រាបៀចំនួន៨០០កេស, មី៩០០កេស, ទឹកក្រូច៩០០កេស, ទឹកសុទ្ធ៥០០កេស, ត្រីខ៥,០០០កំប៉ុង, ទឹកស៊ីអ៊ីវ២០០យួរ និងទឹកត្រី២០០យួរ៕