(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះប្រតិបត្តិការចាប់រថយន្តបាឡែន១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-6215 លួចបន្លំដឹកឈើប្រណិតធ្នង់១០០ដុំ (ស្មើនឹង១,១១២គីឡូក្រាម) ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងទិសដៅទៅប្រទេសវៀតណាម។
ការចុះប្រតិបត្តិការ បង្ក្រាបការលួចដឹកឈើប្រណិតខាងលើ បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុកប្រឆាំង បទល្មើសសេដ្ឋកិច្ច ឲ្យកម្លាំងក្រោមឱវាទ ។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលចុះប្រតិបត្តិការនេះ បានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការចាប់រថយន្តខាងលើ គឺមានសេចក្តីរាយការណ៍ ពីបណ្តាញកម្លាំងសំងាត់ រួចសមត្ថកិច្ចបានធ្វើដំណើរមកដល់ទីតាំងខាងលើ បានស្ទាក់ចាប់តែម្តង។ ភ្លាមៗនោះដែរ អ្នកបើករថយន្តដឹកបទល្មើស បើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងឈើប្រណិត ត្រូវកម្លាំងនគរបាលនាំមករក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តរតនគិរី។
សូមជម្រាបថា ឈើប្រណិតធ្នង់១០០ដុំស្មើនឹង១,១១២គីឡូក្រាមទាំងអស់ខាងលើនេះ បានប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌរតនគិរី ចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ៕