(សៀមរាប)៖ ព្រឹទ្ធាចារ្យ គង់ ណៃ សិល្បករខ្មែរដែលបានចំណាយពេលស្ទើរមួយជីវិតរស់នៅជាមួយចាប៉ីដងវែងរបស់ខ្មែរ បានសម្តែងទឹកចិត្តសប្បាយរីករាយ និងត្រេកអរខ្លាំង បន្ទាប់ពីឃើញមហាជន និងយុវជនខ្មែរជំនាន់បង្ហាញការគាំទ្រខ្លាំងលើចាប៉ីដងវែង។ ព្រឹទ្ធាចារ្យ គង់ ណៃ ថា លោកលែងបារម្ភពីការបាត់បង់ចាប៉ីនេះទៀតហើយ បន្ទាប់ពីមានការគាំទ្រខ្លាំងបែបនេះ ជាពិសេសក្រោយពេលចាប៉ីដងវែងត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបិយពិភពលោកកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។
ចាប៉ីដងវែងដែលត្រូវបានសាងសង់ឡើងក្នុងទំហំយ៉ាងធំ ឬហៅថា ចាប៉ី ខ្នាតយក្សនោះ នៅរសៀលថ្ងៃ១២ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើពិធីដង្ហែយ៉ាងកងរំពងនៅលើទឹកដីអង្គរពីខ្លោងទ្វារជ័យ ឈ្មោះមកបរិវេណភូមិខ្ញុំ ស្ថិតនៅខាងជើងប្រសាទបាយ័ន ដើម្បីតម្កល់ទុកឲ្យមហាជនទាំងពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍បរទេស ដែលចូលរួមលេងកម្សាន្តទឹកដីអង្គរក្នុងឱកាសប្រារព្ធអង្គរសង្រ្កាន្តចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។
ពិធីដង្ហែចាប៉ីយក្សត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តខ្មែរ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមផងដែរ ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើន។ ពិធីដង្ហែត្រូវបានធ្វើឡើងដោយមានការលេងភ្លេង វាយស្គ និងការប្រគំចាប៉ី និងដើរហែហមអមសងខាង មុខក្រោយ ដោយមហាជន។
បើទោះបីមើលឃើញពីចំនួនដ៏ច្រើនរបស់មហាជនដែលចូលរួមដង្ហែចាប៉ីយក្ស ដោយសារការពិការភ្នែកទាំងសងខាងយ៉ាងណាក្តី តែលោកព្រឹទ្ធាចារ្យ គង់ ណៃ ដែលបានឮសម្រែកសាទរយ៉ាងកងរំពងនោះ ក៏បានបង្ហាញទឹកមុខសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។ សប្បាយរីករាយក៏ព្រោះតែបានឃើញកុលបុត្រខ្មែរ ជំនាន់ក្រោយភ្ញាក់រលឹកគាំទ្រចំពោះមរតកវប្បធម៌បុរាណរបស់ខ្មែរ ដែលលោកព្រឹទ្ធាចារ្យ បានឱបជាប់នឹងខ្លួនស្ទើរពេញមួយជីវិតមកនោះ។
ទោះជាយ៉ាងណា លោកព្រឹទ្ធាចារ្យ នៅតែបន្តអំពាវនាវដល់រាជរដ្ឋាភិបាលខ្មែរ និងកុលបុត្រខ្មែរ បន្តលើកស្ទួយ គាំទ្រលើចាប៉ីដងវែងរបស់ខ្មែរឲ្យកាន់តែផុលផុសបន្ថែមទៀត ព្រោះវាជាមរតកវប្បធម៌របស់ខ្មែរដ៏សំខាន់មួយ។
លោក ហ៊ុន ម៉ានី បើទោះបីស្ថិតក្រោមកំដៅថ្ងៃក្តៅយ៉ាងណាក្តី តែលោកនៅតែបង្ហាញទឹកមុខរីករាយ។ លោក បានហៅវត្តមានចាប៉ីយក្សលើទឹកដីសៀមរាបអង្គរ គឺជាមោទនភាពជាតិខ្មែរទាំងអស់គ្នាក្នុងការ លើកកម្ពស់តម្លៃសម្បត្តិវប្បធម៌អរូបិយរបស់ខ្មែរទៅលើសាកលលោក។
លោកតំណាងរាស្រ្តវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តើមរៀបចំឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានលើកឡើងថា បើទោះបីកុលបុត្រខ្មែរក្រោយសម័យអង្គរមិនអាចសាងប្រាង្គប្រាសាទ ឲ្យល្បាញល្បីដូចសម័យអង្គរយ៉ាងណាក្តី តែកុលបុត្រខ្មែរជំនាន់ក្រោយអាចរួមគ្នាថែរក្សាសម្បត្តិរបស់មរកខ្មែរ និងទាក់ទាញអ្នកទេសចរបរទេសឲ្យជិះយន្តហោះមកសម្បត្តិមរតករបស់ខ្មែរ។
ចាប់ប៉ីដងវែងខ្នាតយក្សដែលយកមកតម្កល់បង្ហាញមហាជននេះ មានប្រវែងសរុប១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និង កម្រាស់ ៦០សង់ទីម៉ែត្រ។ ចាប៉ីដងវែងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងអបអរសាទរ ដែលចាប៉ីដងវែងខ្មែរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបិយពិភពលោក ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ សម្បត្តិបេតិកភណ្ឌអរូបិយ និងផ្សព្វផ្សាយឧបករណ៍ភ្លេងខ្មែរ ដែលមានវ័យចំណាស់មួយនេះឲ្យកាន់តែល្បីល្បាញថែមទៀត។
សូមរំលឹកថា ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចាប៉ីដងវែង គឺជាឧបករណ៍បុរាណរបស់ខ្មែរ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ ២ទេ។ ចាប៉ីប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ចាប៉ីចែកចេញជា ដង ព្រលួត ប្រកៀន (ធរណី) ខ្ទង់ ស្នូក (ប្រអប់សំនៀង) ក្រាញ (គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និង ខ្សែនីឡុង៕