(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានប្រកាសបង្កើតអាជ្ញាធរនៃក្រសួងយុត្តិធម៌ ដើម្បីជួយសម្របសម្រួលលើការងារជួយគ្នា ទៅវិញទៅមកលើផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រដ្ឋប្បវេណី ពាណិជ្ជកម្ម បត្យាប័ន និងការបញ្ចូនទណ្ឌិត។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
នៅក្នុងសេចក្តីសម្រេចនេះ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរកណ្តាលនៃក្រសួងយុត្តិធម៌ មានលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធាន រួមនឹងសមាជិក១៨នាក់បន្ថែមទៀត។
បន្ថែមពីលើនេះ អាជ្ញាធរកណ្តាលរបស់ក្រសួងយុត្តិធម៌ មានលេខាធិការដ្ឋានមួយ ដើម្បីជួយសម្របសម្រួល និងអនុវត្តការងារ។ អគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ ជាលេខាធិការដ្ឋាននៃអាជ្ញាធរកណ្តាល។ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ ជាប្រធានលេខាធិការដ្ឋាននៃអាជ្ញាធរកណ្តាល៕