(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ដោះស្រាយ បញ្ហាជូនពលការិនីខ្មែរចំនួន៨នាក់ ដែលបានទៅធ្វើការជាស្រ្ដីបំរើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ដោយមូលហេតុធ្វើការលំបាកពេក និងមានជម្លោះជាមួយនិយោជក ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ។
ពលការិនីខ្មែរចំនួន៨នាក់ខាងលើនេះ រួមមានទី១៖ ពលការិនី ស.ច អាយុ៣៥ឆ្នាំ មកពីស្រុកស្នួល ខេត្តក្រចេះ បានទៅម៉ាឡេស៊ីធ្វើការ ជាអ្នកបោសសំអាត កាលពីខែមករា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍។ ក្រោមការសម្របសម្រួលរបស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ និងលិខិតឆ្លងដែនជូននាងវិញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ទី២៖ ពលការិនី ម.ស អាយុ២២ឆ្នាំ មកពីស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទៅម៉ាឡេស៊ីធ្វើការងារតាមផ្ទះ កាលពីខែមករា ឆ្នាំ២០១៥ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយសារមានជម្លោះជាមួយនិយោជក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ និយោជកបានប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូនពលការិនី និងបានជូននាងទៅដល់ស្ថានទូត។ ពលការិនី បានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទាំង២នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង០៧៖៣៥នាទីស្អែកព្រឹកនេះ តាមជើងយន្តហោះ AK 536 ។
ទី៣៖ ពលការិនី ង.ច.ថ អាយុ២៨ឆ្នាំ មកពីស្រុកអង្គរជ័យ ខេត្តកំពត ទី៤៖ ពលការិនី ជ.ដ.វ អាយុ២៩ឆ្នាំ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី៥៖ ពលការិនី ញ.រ អាយុ៣៦ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពលការិនី ង.ច.ថ និង ជ.ដ.វ បានទៅម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណែកពលការិនី ញ.រ បានទៅម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។
ពលការិនីទាំង៣នាក់ បានទៅធ្វើការជាអ្នកបោសសំអាត តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពួកគេបានទៅស្ថានទូតនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានយល់ព្រមប្រគល់លិខិតឆ្លងដែនជូនពលការិនីទាំង៣នាក់វិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។
ទី៦៖ ពលការិនី អ.វ.ណ អាយុ៣២ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ីធ្វើការងារតាមផ្ទះ កាលពីខែមករា ឆ្នាំ២០១៦ តាមរយៈមេខ្យល់នៅកម្ពុជា។ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅខែមករា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមអន្តរាគមន៍របស់ស្ថានទូត
និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ទី៧៖ ពលការិនី ម.ល និងទី៨៖ ពលការិនី ស.ល.ដ ដែលអ្នកទាំងពីរមានអាយុ២០ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដូចគ្នា បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីទាំងពីរ បានទៅស្ថានទូតនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនីទាំងពីរ បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូនពួកគេ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ។
ដោយឡែក ពលការិនីទាំង៣នាក់ចុងក្រោយ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០៖០០នាទីព្រឹក តាមជើងយន្តហោះ MH754 ៕