(ក្រចេះ)៖ ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ក្នុងភូមិ អូរឬស្សី១ សង្កាត់អូរឬស្សីក្រុងក្រចេះ ខេត្ដក្រចេះ បានសម្ដែងការសាទរ និងសប្បាយរីករាយយ៉ាងខ្លាំងពេលទទួលបានផ្លូវលំមួយខ្សែរ ដែលមានប្រវែងជិត ២០០ម៉ែត្រ សម្រាប់ធ្វើដំណើរ និងងាយស្រួលដឹកសម្ភារៈផ្សេងៗ ក្នុងការធ្វើអាជីវកម្ម ពិសេស មិនភ័យខា្លចលិចទឹកទៀតទេ។
នាយឧត្តមសេនីយ៍ ចៅ ផល្លី គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងក្រចេះ បានថ្លែងប្រាប់អង្គភាពព័ត៌មានFresh news នៅព្រឹកថ្ងៃទី១២ ខែមេសានេះថា «ដោយមានការស្នើសុំពីប្រជាពលរដ្ឋយើង ថាគាត់ពិបាកធ្វើដំណើរណាស់ ព្រោះភូមិនៅក្នុងដីស្រែ ទឹកភ្លៀងតិចតួចមកលិច ហូរចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យគាត់ ពិបាកបានធ្វើដំណើរទៅណាមកណា ពិសេសគឺមនុស្សចាស់ជរា ពិបាកធ្វើដំណើរ និងប្រកបមុខរបរធ្វើការរបស់ពួកគាត់ណាស់ ដូច្នេះយើងខ្ញុំក៏សម្រចចិត្ដជួយធ្វើផ្លូវនេះដែលមានប្រវែងជិត២០០ម៉ែត្រ កម្ពស់១ម៉ែត្រ ទទឹង៣មែត្រ ដែលធ្វើពួកគាត់សម្បាយត្រេកអរយ៉ាងខ្លាំង ហើយខ្ញុំក៏សម្បាយចិត្ដដែរ ពេលប្រជាពលរដ្ឋ មានទុក្ខលំបាក គាត់ហ៊ានស្នើសុំ នេះបញ្ជាក់ឲ្យឃើញថា គាត់ទុកចិត្ដ ជឿជាក់ និងគោរពស្រលាញ់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់អូរឬស្សីនេះណាស់» ។
នាយឧត្តមសេនីយ៍ ចៅ ផល្លី បានថ្លែងបន្ដថា «ក្នុងនាមយើង ជាក្រុមការងារចុះជួយក្នុងសង្កាត់នេះ យើងនិងខិតខំប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព មិនថាយប់ ឬថ្ងៃ គឺគ្រប់ពេលវេលា ជួយសម្រាលទុក្ខរបស់ប្រជាពលរដ្ឋ ឲ្យគាត់មានការរស់នៅស្រួល ការប្រកបមុខរបរ កាន់តែធូរធារ ជីវភាពកាន់តែប្រសើរ ហើយរាល់ការស្នើសុំ និងការខ្វះខាតរបស់ពួកគាត់ យើងនឹងជួយគាត់គ្រប់ពេលវេលា ដោយមិនប្រើតែពាក្យសន្យាខ្យល់ទេ គឺធ្វើឲ្យឃើញលទ្ធផលពិតៗ ដូចពេលនេះ គាត់បានស្នើសុំផ្លូវ យើងបានប្រាប់គាត់ថាយើងធ្វើឲ្យគាត់បានប្រើប្រាស់ មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនេះ ឥឡូវរួចរាល់ជាស្ថាពរមែន»។
គួររំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែលប្រធានក្រុមការងារចុះជួយ ប្រជាជនចំនួន៥ភូមិ ក្នុងសង្កាត់អូរឬស្សី ដែលមានចំនួនប្រជាជន២,៩៨៤គ្រួសារ ស្មើរនឹង១៣,៣១១នាក់ ដែលទទួលបានជួយជ្រោមជ្រែង និងសម្រួលរាល់ទុក្ខលំបាករបស់ប្រជាជននៅទីនោះបានច្រើនណាស់៕