(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់កុមារកំព្រា ក្នុងមណ្ឌលនៃផ្ទះសុវត្ថិភាពកុមារថា ក្មួយៗទាំងអស់ ត្រូវហាត់ពត់លត់ដំ ខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ ឲ្យមានចំណេះដឹង និងចំណេះធ្វើ ដើម្បីជាទំពាំង ស្នងឫស្សីទៅអនាគត។
ការលើកឡើងរបស់ លោក ម៉ៅ ធនិន បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ទៅចែកជូនកុមារកំព្រា ដែលរស់នៅក្នុងមណ្ឌល នៃផ្ទះសុវត្ថិភាពកុមារ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីសម្ដែងពីទឹកចិត្តស្រលាញ់រាប់អាន ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពស២៥៦០ គស២០១៧ ដែលខិតជិតមកដល់ឆាប់ៗនេះ។
លោក ម៉ៅ ធនិន បានសម្ដែងទឹកចិត្តសប្បាយរីករាយ ជាមួយក្មួយៗកុមារកំព្រា ដែលបានមកជួបជុំគ្នានាពេលនេះ និងបានលើកឡើងថា ក្មួយៗបាត់បង់ភាពកក់ក្ដៅពីឪពុកម្ដាយ តែទោះជាយ៉ាងណាក៏មានអ្នកគ្រប់គ្រង ក្នុងមណ្ឌលនៃផ្ទះសុវត្ថិភាពកុមារ ជួយចិញ្ចឹមបីបាច់ ថែរក្សាដូចឪពុកម្ដាយ ហើយក្មួយៗត្រូវហាត់ពត់លត់ដំខ្លួន ឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ ឲ្យមានចំណេះដឹង និងចំណេះធ្វើ ដើម្បីជាទំពាំងស្នងឫស្សីទៅអនាគត។
លោកថ្លែងថា «កុំជ្រួលជ្រើមនឹងសម្ភារៈនិយមដូចកូនគេមានឪពុកម្ដាយ និងមានជីវភាពធូរធា ព្រោះវាគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ អ្វីដែលសំខាន់នោះ គឺចំណេះវិជ្ជា ដែលប្រើមិនចេះអស់ និងចោរលួចមិនបាន»។ ជាពិសេសទៅទៀតនោះ ត្រូវប្រើប្រាស់ដីដែលនៅសេសសល់ឲ្យអស់ពីលទ្ធផព ក្នុងការបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ -ល- ដើម្បីកាត់បន្ថយការចំណាយរបស់មណ្ឌល។
លោកអភិបាលខេត្ត បានសន្យាថា លោកនឹងផ្តល់អណ្តូងទឹក និងផ្តល់អង្ករ ២០០គីឡូក្រាម ក្នុងមួយខែ ដើម្បីប្រើប្រាស់ និងជាស្បៀង ជូនក្មួយៗកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលនេះ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូននំប៉័ង និងទឹកសុទ្ធ ដល់កុមារកំព្រា និងប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងឧបត្ថម្ភអង្ករ ៥០០គីឡូក្រាម និងថវិកា ១លានរៀល ដល់មណ្ឌល នៃផ្ទះសុវត្ថិភាពកុមារ ទុកសម្រាប់រៀបចំអាហារហូបរួមគ្នា ប្រកបដោយភាពកក់ក្ដៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពស២៥៦០ គស២០១៧។
គួរបញ្ជាក់ថា មណ្ឌលនៃផ្ទះសុវត្ថិភាពកុមារ ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៤មក លើផ្ទៃដី ៧,១ហិកតា ក្រោមជំនួយឧបត្ថម្ភពីអង្គការ និងសប្បុរសជនសហរដ្ឋអាមេរិក មានបុគ្គលិក ១៣នាក់ កុមារ ២៩នាក់ ក្នុងនោះស្រី ១៨នាក់ ដែលកំពុងរស់នៅ និងសិក្សារៀនសូត្របន្ត។ សព្វថ្ងៃនេះមណ្ឌល បាននឹងកំពុងបើកវគ្គបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ និងក្មេងៗ បានចំនួន ៤០នាក់ និងទទួលបីបាច់ថែរក្សាដោយយកចិត្តទុកដាក់បំផុត ជូនក្មួយៗកុមារកំព្រា ទាំងការស្នាក់នៅ ហូបចុក រៀនសូត្រ អនាម័យ និងការអប់រំទូន្មានប្រៀនប្រដៅជាដើម។ ទាំងអស់នេះដោយសារបានការយកចិត្តទុកដាក់ ពីអាជ្ញាធរដែនដី អង្គការដៃគូរ និងសប្បុរសជននានា ដែលតែងតែមានសណ្ដានចិត្តសប្បុរសធម៌ចំពោះកុមារកំព្រានៅទីនោះ៕