(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានចុះឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ចំនួន១២នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែន និងក្លែងឯកសារធ្វើដំណើរ (លិខិតឆ្លងដែន)។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក សៀង សុខ ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តោផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោបន្តថា ក្រោយពីធ្វើការសាកសួររួចហើយ កម្លាំងនគរបាលអន្តោប្រវេសន៍ បានបញ្ជូនជនជាតិនីហ្សេរីយ៉ា ចំនួន៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ចំណែកអ្នកនៅសល់កំពុងបន្តការសាកសួរទៀត។
សូមជម្រាបថា កម្លាំងនគរបាលអន្តោប្រវេសន៍ កាលពីពេលកន្លងទៅ បានបណ្តេញជនជាតិវៀតណាម និងជនជាតិម៉ូណាកូ ចំនួន៤១នាក់ ចេញពីកម្ពុជារួចមកហើយ ក្រោយលួចរស់នៅខុសច្បាប់នៅកម្ពុជា៕