(ភ្នំពេញ)៖ Amana Ikhtiar Microfinance ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ។
ការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយលោក អូស្មាន ហាស្សាន់ ទៅលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការផ្តល់ប្រាក់កម្ចីសម្រាប់អជីវកម្មខ្នាតតូច ចន្លោះ ២,៥០០ដុល្លារ ដល់៥០០០ដុល្លារ។ ២. ការបើកលក់ផលិតផលហាឡាល មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ៣.ជំនាញតម្លើង និង បណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យា។
ការបោះទុនវិនិយោគនេះ គឺផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ ខ្វះខាតដើមទុន ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារពួកគាត់ ដោយផ្អែកទៅលើចំណេះ និងជំនាញដែលពួកគាត់មានស្រាប់ និងបំពាក់បំប៉នបន្ថែម។
លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានឲ្យដឹងថា គម្រោងនេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ ដែលនឹងដាក់ស្នាក់ការនៅឯមជ្ឍណ្ឌលម៉ូឌែន ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ទោះបីមិនបានទាំងមួល ក៏បានមួយផ្នែកធំក្នុងការជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាទូទៅ ទាំងមុស្លិម និង មិនមែនមុស្លិម។
លោកបន្ថែមថា ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង នឹងទទួលបានបទពិសោធន៍កាន់តែច្រើន ក្នុងការប្រកបអាជីវកម្មខ្នាតតូចកាន់តែច្រើន ព្រមទាំងនឹងទទួលបានការបណ្តុះបណ្តាលផ្នែកប្រព័ន្ធព័ត៌មានវិទ្យាផងដែរ៕