(កំពង់ស្ពឺ)៖ ដោយមើលឃើញគ្រួសារជនពិការរស់នៅតាម ក្រុង-ស្រុកមួយចំនួន មានជីវភាពខ្វះខាត ក៏ដូចជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ និងគ្រោះថ្នាក់ផ្សេងៗ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែឲ្យសាខា អនុសាខាកាកបាទក្រហម បាននាំអំណោយជូនក្រុមគ្រួសារធ្លាក់ពីដើមត្នោតពិការជើងទាំងពី។
សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺតាមរយៈ លោកទន្តបណ្ឌិត សាយ សាវី និងអង្គការ សៅសារី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ បាននាំអំណោយ ជាដីនិងផ្ទះមួយខ្នង ដំបូល សង្កសី ជញ្ជាំងក្តា ទំហំ៤ម៉ែត្រគុណ៦.៥០ម៉ែត្រ មានទាំងបង្គន់ ផ្ទះបាយ ពាងទឹក ចំណាយថវិកាប្រមាណជាង៩លានរៀន ជាអំណោយបានមកពី សប្បុរសជនពីទីជិតឆ្ងាយ។
ចំពោះគ្រួសារលោក ញិល ម៉ៅ អាយុ ៤០ឆ្នាំ រស់នៅភូមិស្វាយ ឃុំមានជ័យ ស្រុកឧដុង្គ ដែលជាជនពិការ ដោយការប្រកបរបបឡើងត្នោត ហើយរបេះដៃបណ្តាល ឲ្យធ្លាក់ពីចុងត្នោត និងរងពិកាជើងទាំងសងខាង។ ដោយភាពខ្វះមុខ ខ្វះក្រោយ គ្រួសាររបស់គាត់ បានសម្រេចចិត្តលក់ដី និងផ្ទះ យកលុយមើលជំងឺរហូតអស់ពីខ្លួន បន្ទាប់មកទៀតកូនម្នាក់ ក៏បានធ្លាក់ខ្លួនឈឺថែមទៀតបាន ធ្វើឲ្យជីវភាពគ្រួសារកាន់តែដុនដាប និងក្រខ្សត់យ៉ាងខ្លាំង។
លោកទន្តបណ្ឌិត សាយ សាវី បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕