(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីបញ្ចប់បេសកកម្មនៅប្រទេសញ៉ូវហ្សេលែន និងអូស្រ្តាលី លោក កឹម សុខា ប្រធានគណបក្សប្រឆាំង នឹងទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកថែមទៀត ជួបជុំជាមួយ សកម្មជន គណបក្សសង្រ្គោះជាតិ នៅចុងខែនេះ។
ក្រោយពីបញ្ចប់បេសកកម្មនៅប្រទេសញ៉ូវហ្សេលែន និងអូស្រ្តាលី លោក កឹម សុខា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់មកលោក នឹងមានបេសកកម្ម ទៅកាន់សហរដ្ឋអាមេរិកថែមទៀត។
សូមបញ្ជាក់ថា សកម្មជនគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក នាថ្មីៗនេះ បានប្រកាសអំពីការជួបជុំផ្ទាល់ជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ តាមការប្រកាសគម្រោងជួបជុំនេះ នឹងធ្វើឡើងនៅ ភោជនីយដ្ឋាន Hai Tien វេលាម៉ោង ៦៖០០ល្ងាច ដល់ ១២៖០០ កណ្តាលអាធ្រាត្រ ស្ថិតនៅរដ្ឋផិនស៊ីលវេញ៉ា សហរដ្ឋអាមេរិក។ កម្មវិធីនោះ ជាកម្មវិធីរាត្រីស្រមោស ដើម្បីប្រមូលថវិការទ្រទ្រង់ការបោះឆ្នោត ២០១៧។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ដើម្បីទៅបំពេញ ទស្សនកិច្ចនៅប្រទេសញូហ្សេលែន និងប្រទេសអូស្រ្តាលី រយៈពេលជិត២សប្តាហ៍។ នេះគឺជាការបំពេញទស្សនកិច្ចរយៈពេលវែងជាលើកដំបូងហើយរបស់ លោក កឹម សុខា ចាប់តាំងពីលោក មានរឿងអាស្រូវជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំមក៕