(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ បានទទួលស្វាគមន៍វត្តមាន លោកស្រី សូហ្វី ឡាហ្គេនី នាយិកាអង្គការ IFES (International Foundation for Electoral Systems) ធ្វើជាអ្នកជំនាញការបោះឆ្នោត នៅទីស្តីការរបស់ខ្លួន នេះបើតាមសេចក្ដីសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា ការមកដល់របស់អ្នកជំនាញការបោះឆ្នោតអង្គការ IFES រូបនេះ បន្ទាប់ពីលោក អាដាម ស៊ូម៉ាកឃើ នាយកការិយាល័យប្រជាធិបតេយ្យ និងអភិបាលកិច្ចរបស់អង្គការ USAID បានផ្ដល់ថវិកាតាមរយៈអង្គការ IFES ដើម្បីធ្វើការងារលើគម្រោងចំនួន៣ ក្នុងការជួយលើកកម្ពស់ការបោះឆ្នោតនៅកម្ពុជា។
គម្រោងទាំង៣នោះ រួមមាន៖ ការកសាងសមត្ថភាពមន្ត្រីរបស់ គ.ជ.ប, ការបណ្តុះបណ្តាលមន្ត្រី គ.ជ.ប ក្នុងការដោះស្រាយវិវាទបោះឆ្នោត និងការជួយផ្សព្វផ្សាយព័ត៌មាន ស្តីពីការបោះឆ្នោតតាមប្រព័ន្ធសារឆ្លើយតបជាសម្លេង (IVR) និងតាមធ្យោបាយផ្សេងទៀត។ ម៉្យាងទៀត USAID ក៏បានស្នើឱ្យ គ.ជ.ប ផ្តល់ការិយាល័យមួយដល់អង្គការ IFES នៅទីស្តីការ គ.ជ.ប ដើម្បីធ្វើការជាមួយ គ.ជ.ប ដោយផ្ទាល់។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានឲ្យដឹងថា ដោយសារពេលវេលា សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅសល់ពេលវេលាខ្លី ដូចនេះលោកបានស្នើឱ្យអង្គការ IFES ជួយពន្លឿនគម្រោងទាំង៣ ខាងលើ ដើម្បីដំណើរការបានឆាប់ទាន់ពេលវេលា៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖