(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក១៦មករា ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ត្រូរងរបួស និងត្រូវការឈាមជាចាំបាច់។
ការអំពាវនាវនេះ ក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្ត ចុះសួរសុខទុក្ខអ្នកជំងឺ សំណេះសំណាលជាមួយបុគ្គលិកពេទ្យ និងប្រគល់កៅអី៣០ ដល់មន្ទីរពេទ្យបង្អែក១៦មករា៕
លោកអភិបាលខេត្តថា បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា កំពុងតែខ្វះខាតឈាមសម្រាប់សង្គ្រោះអាយុជីវិតអ្នកជំងឺ ហើយលោកក៏បានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ផ្តល់ឈាមឲ្យបានគ្រប់ៗគ្នា ហើយលោក និងដឹកនាំក្រុមយុវជន ក៏បានផ្តល់ឈាមមុនគេដែរ។ លោកបានបញ្ជាក់ថា ការផ្តល់ឈាមជាទង្វើមនុស្សធម៌ ដែលមនុស្សទាំងអស់គ្នាត្រូវតែធ្វើ។
លោកបានជួបសួរសុខទុក្ខអ្នកជំងឺចំនួន ៨២នាក់ និងឧបត្ថម្ភថវិកាក្នុងម្នាក់ ២០,០០០រៀល និងឃីត១កញ្ចប់ ដែលជាអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនបុគ្គលិកមន្ទីរពេទ្យ១៦មករា ក្នុងម្នាក់ថវិកា ២០,០០០រៀល ព្រមទាំងប្រគល់កៅអី៣០ ដល់មន្ទីរពេទ្យទុកប្រើប្រាស់ផងដែរ និងបន្តសួរសុខទុក្ខកុមារកំព្រា និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ ៣០,០០០រៀល៕