(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចត្រួតពិនិត្យប្រចាំឆ្នាំ២០១៦ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្រោមអធិបតីភាព លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងកិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ រួមជាមួយថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមក្រសួង-ស្ថាប័ន ប្រមាណជាង៣៥០នាក់។
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនដល់អង្គប្រជុំថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣នេះ គឺផ្តោតលើការអនុវត្តថវិកាកម្មវិធី «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» ដែលប្រព័ន្ធថវិកាកម្មវិធីនេះ នឹងត្រូវដាក់ឲ្យអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្រាប់ថ្នាក់ជាតិ ក្រសួង-ស្ថាប័នចំនួន១០ ត្រូវបានដាក់ឲ្យអនុវត្តថវិកា កម្មវិធីនៅឆ្នាំ២០១៥ ចំនួន១៥ក្រសួង-ស្ថាប័នបន្ថែមទៀតនៅឆ្នាំ២០១៦ និងចំនួន១១ ក្រសួង-ស្ថាប័នបន្ថែម នៅឆ្នាំ២០១៧ និងចំនួន៣ក្រសួង-ស្ថាប័ន នៅឆ្នាំ២០១៨ ហើយគោលដៅ នឹងបញ្ចប់ក្នុងឆ្នាំ២០១៨។
រីឯថ្នាក់ក្រោមជាតិ មានរដ្ឋបាលខេត្តចំនួន០៦ ត្រូវបានដាក់ឲ្យថវិកាកម្មវិធីនៅឆ្នាំ២០១៦ និងរដ្ឋបាលខេត្តដ៏ទៃទៀត ត្រូវបានពិនិត្យនិងសម្រេចដាក់ឱ្យអនុវត្តថវិកា កម្មវិធីបន្តទៀត ដែលគោលដៅ នឹងបញ្ចប់នៅឆ្នាំ២០២០។
ជាមួយគ្នានេះ ក្នុងន័យតម្លាភាពថវិកា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការផ្សព្វផ្សាយឯកសារថវិការួមមានសារាចរ រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំ តារាងប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាប្រចាំខែរបាយការណ៍ត្រួតពិនិត្យ ថវិកាពាក់កណ្តាលឆ្នាំ ថវិកាសង្ខេបសម្រាប់សាធារណៈជន ច្បាប់ទូទាត់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍សវនកម្មលើច្បាប់ ទូទាត់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ និងរបាយការណ៍សវនកម្ម លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏បានអនុញ្ញាតឲ្យតំណាងអង្គការ មិនមែនរដ្ឋាភិបាល ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងដៃគូអភិវឌ្ឍន៍ប្រចាំត្រីមាស និងប្រចាំឆ្នាំផងដែរ។
ក្នុងកិច្ចប្រជុំតាមដានប្រចាំឆ្នាំ២០១៦នេះ លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានថ្លែងអំណរគុណ ចំណោះរាជរដ្ឋាភិបាលកម្ពុជា ដែលសហការយ៉ាងជិតស្និត ជាមួយដៃគូអភិវឌ្ឍន៍លើការងារអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលពង្រឹងការងារតម្លាភាពថវិកា។
បន្ថែមពីលើនេះ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានជំរុញឲ្យការប្រមូលចំណូល ក្នុងស្រុកកើនឡើង និងស្វាគមន៍ចំពោះការពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាមួយគ្នានេះ លោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ ក៏បានកោតសរសើរ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំ និងប្តេជ្ញាចិត្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យសម្រេចបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ៕