(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន អម្រឹត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពីធីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ នៅទីស្នាក់ការកណ្តាល រាជធានីភ្នំពេញ ក្រោមអធិបតីលោកអគ្គនាយក, លោកអគ្គនាយករង និងមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រធាននាយកដ្ឋាន នាយកសាខាខេត្តទាំង២៥រាជធានី-ខេត្ត និងបុគ្គលិកជាច្រើននាក់ទៀត។
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដំបូងបង្អស់ ដែលបានបង្កើតនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ ពីធានាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០១ និងបានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ ពីសាធារណជន នៅខែមករា ឆ្នាំ២០០៩។ គិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៧ សមតុល្យប្រាក់បញ្ញើមាន ជាង២៩២លានដុល្លារអាមេរិក និងបានផ្តល់ប្រាក់កម្ចីសរុបប្រមាណ ៥៩៤លានដុល្លារអាមេរិក ដល់អតិថិជនរបស់ខ្លួននៅទូទាំង២៥រាជធានី-ខេត្ត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតមានស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ និងកំពុងផ្តល់ការងារដល់បុគ្គលិក ជាង៤,១៣៣នាក់ ដែលបម្រើការងារនៅក្នុងសាខាចំនួន ១៥១កន្លែង ទូទាំងប្រទេសកម្ពុជា។
ជាងនេះទៅទៀត អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអ្នកវិនិយោគិនអន្តរជាតិ ដែលជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីជួយជ្រោមជ្រែងអម្រឹត ឲ្យកាន់តែមានកិត្តិនាម និងកិត្យានុភាពរីកសុសសាយ នៅលើឆាកអន្តរជាតិផងដែរ។
Advans AS ជាក្រុមហ៊ុនមួយដែលមានការិយាល័យកណ្តាល នៅទីក្រុងលុចហ្សំបួរ និងគ្របដណ្តប់៩ប្រទេសទៀត រួមមាន ប្រទេសកាមេរ៉ូន ហ្កាណា កុងហ្គូ តាន់ហ្សានីយ៉ា កូដូវ័រ ប៉ាគីស្ថាន នីហ្សេរីយ៉ា ទុយនេស៊ី មីយ៉ាន់ម៉ា និងរួមទាំងកម្ពុជាផងដែរ។
ជាងនេះទៅទៀត សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលហៅកាត់ថា «IFC» ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោក Word Bank Group ក៏បានវិនិយោគក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផងដែរ។ ចំណែក IFC គឺជាស្ថានប័នមួយដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍជុំវិញពិភពលោក ដោយផ្តោតទាំងស្រុងទៅលើវិស័យឯកជន។ IFC ធ្វើការងារជាមួយសហគ្រាសឯកជន នៅក្នុងបណ្តាប្រទេស ១០០ប្រទេស។
បន្ថែមលើសពីនេះ អម្រឹតក៏មានភាគទុនិកអន្តរជាតិផ្សេងទៀត ដូចជា FMO ជាក្រុមហ៊ុនអភិវឌ្ឍន៍ធនាគារ របស់ប្រទេសហូឡង់, LFP ជាក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជីក្នុងប្រទេសបារាំង និង Botta ដែលជាក្រុមហ៊ុនបុគ្គលិក។
សូមជម្រាបថា នៅគ្រប់សាខាខេត្តទាំងអស់របស់អម្រឹត ក៏បានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន បុគ្គលិក និងមានការលេងល្បែងប្រជាប្រិយ ប្រពៃណីជាតិខ្មែរផងដែរ៕