(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កំពុងចុះសួរសុខទុក្ខអាជីវករផ្សារច្បារអំពៅ និងផ្សារបន្លែ ដោយមានការចូលរួមលោក អៀង អូននី អភិបាលរងក្រុង និងលោក ថេង សុថុល អភិបាលរងខណ្ឌ លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល ខណ្ឌ និងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២។
ក្នុងឱកាសនោះ លោកអភិបាលរាជធានី បានបន្ទោសគណៈកម្មការផ្សារទាំង២ថា បណ្តែតបណ្តោយឲ្យអាជីវករ ដាក់តាំងទំនិញលក់ដូរលើផ្លូវ រកតែផ្លូវដើរចូលផ្សារមិនបាន។ ជាមួយគ្នាលោក ប៉ា សុជាតិវង្ស បានឲ្យគណៈកម្មការរៀបចំកន្លែងលក់ដូរ ឲ្យមានផ្លូវចេញចូលឲ្យបានទូលាយ ឡើងវិញ។
លោកអភិបាលរាជធានី បានឲ្យមន្ត្រីជំនាញ គណៈកម្មការផ្សារទាំង២ ចុះកំណត់ទីតាំងលក់ដូរ បញ្ឈប់ឲ្យម្ចាស់ផ្ទះ ម្ចាស់តូប ជួលបន្តឲ្យអាជីវករដាក់តាំងទំនិញលក់ហៀរមកលើដងផ្លូវ ។ ជាថ្នូរដល់ម្ចាស់ផ្ទះ ដោយផ្តល់កម្មសិទ្ឋិដល់បងប្អូន ដែលមិនទាន់ មានប័ណ្ណកម្មសិទ្ឋិ។
លោក គង់ ធែល ប្រធានផ្សារច្បារអំពៅ បានឲ្យដឹងថា នៅផ្សារច្បាអំពៅមានតូបចំនួន ១៤៤៧ និងផ្សារបន្លែ ៤០៤តូប៕