(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះជួបសំណេះសំណាល ថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។
នេះគឺជាជំនួបដំបូងបង្អស់របស់លោកស្រី ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអាជ្ញាធរជាតិអប្សរា ត្រូវបាន រាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រី រដ្ឋមន្ត្រី បានស្តាប់របាយការណ៍សង្ខេប អំពីស្ថានភាពទូទៅ នៃអាជ្ញាធរជាតិអប្សរា ដែលរាយការណ៍ជូនដោយលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
លោកស្រី ភឿង សកុណា ក៏បានរំឭកឡើងវិញ នូវស្នាដៃសំខាន់ៗនៃអតីតប្រធានអាជ្ញាធរជាតិអប្សរា គឺសម្តេចវិបុលបញ្ញា សុខ អាន ជាអាទិ៍ គឺការការពារបាននូវរមណីយដ្ឋានអង្គរ និងកេរ្តិ៍ឈ្មោះ នៃអង្គរលើឆាកអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានោះ លោកស្រី ក៏បានផ្តល់ជាអនុសាសន៍ណែនាំ ឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់បន្តដំណើរទៅមុខទៀត ក្នុងបេសកកម្មបម្រើបេតិកភណ្ឌអង្គរ និងរួមគ្នាបន្តដោះស្រាយបញ្ហា ដែលនៅសេសសល់ ឲ្យស្របនឹងទិសដៅរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕