(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បេ្តជ្ញាថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំពុះពារ គ្រប់បែបយ៉ាង ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបាន កាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញា ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋទាំងមូលសម្រេចបានកន្លងមក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបន្តការធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំណង់ ផ្លូវ ស្ពាន ធារាសាស្រ្ត ព្រំទាំងការបង្កើនប្រភព ថាមពលអគ្គិសនី ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សហកម្ម សិប្បកម្ម សេវាកម្ម ដឹកជញ្ចូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្មឲ្យ កាន់តែរីកចំរើនថែមទៀត។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
យោងតាមសារលិខិតដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជូនពរជនរួមជាតិខ្មែរគ្រប់រូបដែលកំពុង រស់នៅក្នុង និងក្រៅប្រទេស មន្រ្តីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភមិន្ទ ដែលបានកំពុង និងបំពេញភារកិច្ច រក្សាសន្តិភាព ការពារអធិបតេយ្យភាព និងមនុស្សធម៌នៅក្រៅប្រទេស ពលនគរបាល ក្មួយៗ សិស្សានិសិស្ស និស្សិត យុវជន យុវនារី កម្មករ និយោជិត ធុរជន និងវិនិយោគគិន ដែលកំពុងប្រកបធុរកិច្ចនៅកម្ពុជា សូមទទួលបានភាពជោគជ័យសិរីសួស្តី ជ័យមង្គល និងវិបុលសុខជាដរាបតរៀងទៅ»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានបួងសួងដល់ ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យមានការយោគយល់គ្នា រួបរួមសាមគ្គីគ្នា ជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិ ដោយសេចក្តីសុខក្សេមក្សាន្ត និងប្របកដោយកិត្តិយស សេចក្តីថ្លៃថ្នូរតរៀងទៅ៕