(កំពង់ឆ្នាំង)៖ អំណោយជាស្រាបៀរ ១៦០កេស និងទឹកក្រូចចំនួន ៤០កេស ព្រមទាំងថវិកាចំនួន ១០លានរៀល (សម្រាប់អង្គភាព) និងចំនួន ៧លាន ៤សែន ៤ម៉ឺនរៀល (សម្រាប់កងព័ទ ៣៧២នាក់ ដោយក្នុង១នាក់ទទួលបាន ២ម៉ឺនរៀល) សរុបជាទឹកប្រាក់ស្មើនឹង ២៥លាន ៧សែន ២ម៉ឺនប្រាំបីពាន់រៀល ត្រូវបានប្រតិភូក្រសួងពាណិជ្ជកម្ម ប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំនៃកងទ័ពជើងគោកនៅ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចូលមកដល់នាចុងសប្តាហ៍នេះ។
ពិធីប្រគល់ និងទទួលអំណោយ ត្រូវបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឧត្តមសេនីយ៍ឯក ចាន់ នន្ទវិទ្យា មេបញ្ជាការរងកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ និងមានការចូលរួមពីមន្ត្រីរាជការ និងកងទ័ពប្រមាណ ៣០០នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកត្រើយសន្តិភាព និងវឌ្ឍនភាព។
«ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ បានធ្វើឲ្យសភាពការណ៍តានតឹងនៅតាមភូមិសាស្ត្រមួយចំនួន ជាពិសេសខ្សែបន្ទាត់ព្រំដែន ប្រែជាធូរស្រាល និងក្លាយជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ» លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានកោតសរសើរដល់បញ្ជាការដ្ឋានកាំភ្លើងធំ ដែលកន្លងមក កបានប្រឹងប្រែងបំពេញការងារ និងសម្រេចបានភារកិច្ចស្នូល ទទួលបានស្នាដៃល្អប្រសើរគួរឲ្យកត់សំគាល់ ពិសេសការងារហ្វឹកហ្វឺនពលទាហានជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក និងអង្គភាពចំណុះអគ្គបញ្ជាការ ក្នុងការបាញ់គ្រាប់ពិតបានល្អ ព្រមទាំងការកសាងអង្គភាពលើគ្រប់វិស័យ។ លើសពីនេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តខិតខំថែរក្សាសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ន ដើម្បីផ្តល់ឱកាសដល់ប្រជាជនទាំងអស់ បានចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យទទួលបានកត្តិនាមកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
សូមរំលឹកដែរថា ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជា ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានកាំភ្លើងធំនៃកងទ័ពជើងគោក ដើម្បីរួមចំណែកផ្តល់កម្លាំងចិត្ត និងជួយទ្រទ្រង់ជីវភាពរស់នៅរបស់យុទ្ធជន-យុទ្ធានារី ក្នុងបុព្វហេតុការពារជាតិ និងថែរក្សាទឹកដីឲ្យបានគង់វង្ស៕