(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភាគីពាក់ព័ន្ធ បានកំពុងធ្វើការការផ្សព្វផ្សាយ កម្មវិធីសុវត្ថិភាពចរាចរណ៍ នៅតាមផ្លូវជាតិនានា មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកដល់។
កម្មវិធីសុវត្ថិភាពចរាចរណ៍តាមផ្លូវជាតិនេះ បានដំណើរការចាប់ពីថ្ងៃទី១០ ដល់ ១២ ខែមេសា ឆ្នាំ២០១៧ ដោយក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងស.ស.យ.ក.វិស័យសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៣(ជិតរង្វង់មូលចោមចៅ) ផ្លូវជាតិលេខ៥(ក្រោមស្ពានព្រែកញ្នៅ) ផ្លូវជាតិលេខ៤ (មុខផ្សារជម្ពូវ័ន) ក្នុងគោលបំណងពញ្ញាក់ស្មារតី និងបង្កើនការយកចិត្តទុកដាក់ពីសុវត្ថិភាពចរាចរណ៍ក្នុងឱកាសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
កម្មវិធីនេះ រៀបចំរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់ទី១២ ខែមេសា ឆ្នំា២០១៧ នៅតាមទីប្រជុំជន និងផ្លូវជាតិ។ ទន្ទឹមនឹងនេះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ក៏កំពុងតែរៀបចំសកម្មភាព និងយុទ្ធនាការសុវត្ថិភាពចរាចរណ៍យ៉ាងសកម្មផងដែរ។ សូមចូលរួមទាំងអស់គ្នា ទប់ស្កាត់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕