(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា បានបន្តការចូលរួមលើកស្ទួយ វិស័យកីឡាកម្ពុជាយ៉ាងសកម្ម ដោយឧបត្ថម្ភការរៀបចំការប្រកួតកីឡាអុកខ្មែរ និងការសម្តែងក្បាច់គុនល្បុក្កតោក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បានថ្លែងថា « ក្រៅពីជាអ្នកឧបត្តមធំក្នុងការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា បានសម្រេចឧបត្ថម្ភការរៀបចំ កីឡាអុកខ្មែរ និងក្បាច់គុនល្បុក្កតោខ្មែរ ពីព្រោះក្រុមហ៊ុនចង់ចូលរួមចំណែកអភិរក្ស និងលើកស្ទួយកីឡាបុរាណខ្មែរ និងចង់បង្ហាញភ្ញៀវទេសចរបរទេសបានស្គាល់ និង យល់ដឹងអំពី កីឡាដ៏ចំណាស់របស់ខ្មែរទាំងពីរនេះ»។
កីឡាករអុកចំនួន ១៦៥នាក់ បានចុះឈ្មោះចូលរួមការប្រកួតជម្រុះទូទាំងប្រទេស ហើយទទួលជ័យលាភី ក្នុងវគ្គជម្រុះចំនួន ៨នាក់ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីធ្វើការប្រកួតផ្តាច់ព្រ័ត្រ។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១២លានរៀល លេខ២ នឹងទទួលបាន ៨លានរៀល លេខ៣ទទួលបាន ៤លានរៀល និងលេខ៤ទទួលបាន ៣លានរៀល។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងរៀបចំដាក់សំណើរ ដើម្បីបញ្ចូលកីឡាអុកខ្មែរ និងក្បាច់ល្បុក្កតោខ្មែរ សម្រាប់ការប្រកួតស៊ីហ្គ៊េមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ នៅឆ្នាំ២០១៦ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជា ស្រាបៀរកម្ពុជាបានចុះអនុស្សរណៈ យោគយល់គ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុនស្រាបៀកម្ពុជាជាអ្នកឧបត្ថម្ភ ផ្តាច់មុខការរៀបចំការប្រកួតកីឡាជាតិក្នុងឆ្នាំ ២០១៦, ២០១៨, ២០២០ និង២០២២ ក្នុងនាមកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គ៊េមឆ្នាំ២០២៣ផងដែរ៕