Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅឆ្នាំនេះខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីសង្ក្រាន្តចំនួន៩កន្លែង ដើម្បីទទួលអបអរសាទរបុណ្យចូលឆ្នាំថ្មី

12-04-2017 11:31

(បន្ទាយមានជ័យ)៖ នៅក្នុងឆ្នាំនេះខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសង្ក្រាន្ត ចំនួន៩កន្លែង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ជាប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ នៅតាមបណ្តាលស្រុក-ក្រុង។ នេះបើតាមការបញ្ជាក់ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា គោលដៅសង្ក្រាន្តទី១ នៅបរិវេណសួនមានជ័យ (វេទិការចាស់ខេត្ត) ក្នុងក្រុងសិរីសោភ័ណ គោលដៅសង្ក្រាន្តទី២ នៅបរិវេណកាស៊ីណូ រង្វង់មូលប៉ោយប៉ែត ផ្លូវដើមពុទ្រា ក្រុងប៉ោយប៉ែត គោលដៅសង្ក្រាន្តទី៣ ប្រាសាទបន្ទាយឆ្មា ស្រុកថ្មពួក គោលដៅទី៤ អាំងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក គោលដៅសង្ក្រាន្តទី៥ ក្នុងបរិវេណវត្តស្វាយចេក ស្រុកស្វាយចេក គោលដៅសង្ក្រាន្តទី៦ វត្តបឹងត្រាច វត្តភ្នំតូច ស្រុកមង្គលបូរី គោលដៅសង្ក្រាន្តទី៧ បរិវេណវត្តជប់បូរី វត្តព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ គោលដៅសង្ក្រាន្តទី៨ បរិវេណវត្តម៉ាឡៃ ស្រុកម៉ាឡៃ និងគោលដៅសង្ក្រាន្តទី៩ នៅបរិវេណវិទ្យាល័យគប ស្រុកអូរជ្រៅ។

លោក សួន បវរ ក៏បានអំពាវនាវ ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ស្ថានប័ន ត្រូវការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋតាមគោលដៅ នូវសុវត្ថិភាព១០០ភាគរយ រីឯប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ពេលស្រវឹងជៀសឲ្យឆ្ងាយពីការបើកបរជិតឆ្ងាយ៕