(សៀមរាប)៖ គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប មានភ្ញៀវទេសចរកក់អស់ពី៧៥-៨០ភាគរយហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង កាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។
អ្វីដែលពិសេស និងប្លែកជាងឆ្នាំមុនមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសជួយអន្តាគមន៍ស្វែងរក សណ្ឋាគារ និងផ្ទះសំណាក់ជូនទេសចរ ដែលខ្វះខាតកន្លែងស្នាក់នៅ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីក្នុងពេលដ៍ខ្លីខាងមុខនេះ។
លោក សេង កាក់ បានបញ្ជាក់ថា «ក្នុងករណីបងប្អូន ប្រជាពលរដ្ឋ ខ្វះខាតកន្លែងស្នាក់នៅ អាចទាក់ទងមក មន្ទីរទេសចរណ៍ ខេត្តសៀមរាប តាមរយៈ ទូរស័ព្ទពីរខ្សែ ០១២ ៥០៩ ០០៨ និង០៩៧ ៦៦ ៩៩ ៦៦៦»។
លោកបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តសៀមរាប មានបនុ្ទប់សរុបទាំងអស់ ជិត២ម៉ឺនបន្ទប់ក្នុងនោះ សណ្ឋាគារ មាន១២០០បន្ទប់ និងផ្ទះសំណាក់ជាង៥ពាន់បន្ទប់។
លោក សេង កាក់ បានឲ្យដឹងយ៉ាងដូច្នេះថា «នៅសៀមរាបនេះ សង្កេតឃើញថា ភ្ញៀវមួយចំនួនបានកក់ សណ្ឋាគារ និងផ្ទះសំណាក់ រួចរាល់ហើយ នៅកន្លែងខ្លះ ក៏មានការកក់ពេញបន្ទប់ហើយផងដែរ សម្រាប់សណ្ឋាគារធំៗចំនួន តែនៅតាមសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនទៀត កំពុងទទួលការកក់ជាបណ្តើរៗ។ បើមានការកក់មុនវាមានភាពងាយស្រួសលើការស្នាក់នៅ ពេលខ្លះមានការលំបាកសម្រាប់ភ្ញៀវ ដែលមកស្នាក់នៅថ្ងៃកណ្តាល នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តែមន្ទីរទេសចរណ៍ នឹងព្យាយាមជួយសម្រូលពួកគាត់»។
ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាបរូបនេះ បានបន្ថែមថា «ករណីគ្មានបន្ទប់ ខាងខ្ញុំនឹងជួយទាក់ទង និងមានការរៀបចំ បន្ទប់ម៉ាស្សា ជូនពួកគាត់ ដើម្បីសម្រូលឲ្យមានកន្លែងស្នាក់នៅ ដោយមានគ្រែពូក ខ្នើយ កន្សែងពោះគោ និងមានបំពាក់ម៉ាស៊ីនត្រជាក់ផងដែរ ដោយសារតែប្រជាពលរដ្ឋភាគច្រើន មានជីវភាពធូរធាជាងមុន»។
លោក សេង កាក់ បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើការកក់បន្ទប់ស្នាក់នៅជាមុន។ លោកបន្តថា ចំពោះតម្លៃ នៃការស្នាក់នៅ មិនមានការឡើងថ្លៃនោះទេ តែខាងផ្ទះសំណាក់ និងសណ្ឋាគារគេពិនិត្យទៅលើចំនួនអ្នកស្នាក់នៅគឺមិនឲ្យ លើសពីស្តង់ដារនោះទេ បើលើសត្រូវមានការបន្ថែមបន្ទប់ទៀត។
គួរបញ្ជាក់ថា កាលពីឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមុន មានភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ត នៅខេត្តសៀមរាប ១លាន ៣សែននាក់។ ភ្ញៀវទេសចរទាំងអស់ មានគោលដៅមកធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប និងចុឡរួមនៅក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងទស្សនាតំបន់រមណីយដ្ឋានជាច្រើនទៀត នៅក្នុងដំណើរទេសចរណ៍ល្បីល្បាញមួយនេះផងដែរ៕