(សៀមរាប)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមបេសកកម្មសម្អាតផ្លូវ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នា២០១៧ ម្សិលមិញ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ និងទទួលគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅថ្ងៃទី១៤ រហូតដល់ទី១៦ ខែមេសា ឆ្នាំ២០១៧។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា រថយន្តទាំងពីរគ្រឿងនេះ នឹងបន្តនៅខេត្តសៀមរាបរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ លោកថ្លែងថា៖ «យើងនឹងបន្តសម្អាតផ្លូវក្នុងក្រុង ក្នុងអំឡុងពេលអង្គរសង្រ្កាន្ត និងបន្ទាប់ពីអង្គរសង្រ្កាន្តបញ្ចប់ ដើម្បីជួយឲ្យខេត្តសៀមរាបកាន់តែមានសោភ័ណភាព និងបរិស្ថានល្អ»។
លោក សូ ផ្លាតុង អភិបាលក្រុងសៀមរាប ថ្លែងថា «ការមកដល់របស់រថយន្តទាំងពីរគ្រឿងនេះពិតជាប្រសើរបំផុត ដោយសាររដ្ឋបាលក្រុង និងខេត្តកំពុងចាត់កម្លាំងសម្អាតទីក្រុង ហើយការសហការរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជានេះ នឹងធ្វើឲ្យទីក្រុងយើងកាន់តែស្រស់ស្អាត ដែលធ្វើឲ្យក្រុងនេះសក្តិសមជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា»។
ដោយសហការជាមួយក្រសួងបរិស្ថាន អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបញ្ជូនរថយន្តសម្អាតផ្លូវធុនធ្ងន់ទាំងពីរគ្រឿងនេះ ទៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា៕