(រតនគិរី)៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈគណៈកម្មាធិការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនគរបាលអធិការដ្ឋាន ស្រុកលំផាត់ និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ បានចុះទៅបង្ក្រាប និងរឹបអូសឈើប្រណិតជាច្រើន ដែលគរទុកចោល ស្ថិតនៅអូរជីបស្ថិតក្នុងភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ មេបញ្ជាការអាវុធហត្ថខេត្តរតនគីរី លោកឧត្តមសេនីយ៍ទោ គឹម រស្មី បានប្រាប់ភ្នាក់ងារ Fresh News ថា «នៅថ្ងៃម្សិលមិញ កម្លាំងរបស់យើង សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទៀត បានចុះមកទីតាំងនេះ ហើយរុករកឃើញឈើមូលប្រភេទលេខ២ ជាច្រើនកំណាត់ បន្ថែមទៀត រួចសរុបទាំងលើកមុន និងពេលក្រោយមាន៤០៣កំណាត់ ដែលក្រុមឈ្មួញលួចកាប់ដឹកចេញពីដែនជម្រកសត្វព្រៃលំផាត់»។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះកាលពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងអាវុធហត្ថខេត្តបានចុះបង្ក្រាប និងប្រមូលឈើលេខ២ ចំនួនជាង២០០កំណាត់ ហើយត្រូវបានលោកឧត្តមសេនីយ៍ គឹម រស្មី ចុះស្រាវជ្រាវរុករកឃើញបន្ថែមជាង១០០កំណាត់ទៀត ដោយបានជួលរថយន្តដឹកមករក្សាទុក(បង់អក្សរឈើចាប់)។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ប្រាប់ឲ្យដឹងថា ឈើមូលប្រភេទលេខ២ដូចជា៖ ផ្ចឹក, ផ្តៀក, ថ្លុង, ឈើទាល, ត្បែង។ល។ ត្រូវបានលោកដឹកនាំកម្លាំង បង្ក្រាបកាលពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ និងគរទុកចោល ដើម្បីចាត់ការបន្តទៀត។
យ៉ាងណាក៏ដោយ ឈើមូលប្រភេទលេខ២ទាំងអស់នេះ មិនទាន់ធ្វើការវាស់វែងជាម៉ែត្រគូបនៅឡើយទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការប្រគល់ជូនមន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃលំផាត់ ចាត់ចែងបន្តតាមច្បាប់៕