(ភ្នំពេញ)៖ ចាប៉ីដងវែងខ្នាតយក្សរបស់កម្ពុជា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ នឹងត្រូវដង្ហែយកទៅតម្កល់នៅក្នុងបរិវេណភូមិខ្ញុំ ស្ថិតនៅខាងជើងប្រាសាទបាយ័ន ដើម្បីបង្ហាញប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស ដែលអញ្ជើញកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ពិធីដង្ហែចាប៉ីដងវែងខ្នាតយក្សនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីសំណាក់ក្រុមការងារ យុវជនស្ម័គ្រចិត្ត មន្ត្រី បុគ្គលិកអាជ្ញាធរអប្សរា និងសាធារណជនយ៉ាងច្រើនកុះករ។

ចាប៉ីដងវែងខ្នាតយក្សនេះ មានប្រវែងសរុប១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និង កម្រាស់ ៦០សង់ទីម៉ែត្រ។ ចាប៉ីដងវែងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងអបអរសាទរ ដែលចាប៉ីដងវែងខ្មែរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបិយពិភពលោក ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ សម្បត្តិបេតិកភណ្ឌអរូបិយ និងផ្សព្វផ្សាយឧបករណ៍ភ្លេងខ្មែរ ដែលមានវ័យចំណាស់មួយនេះឲ្យកាន់តែល្បីល្បាញថែមទៀត។

សូមរំលឹកថា ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង គឺជាឧបករណ៍បុរាណរបស់ខ្មែរ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ ២ទេ។ ចាប៉ីប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។

ចាប៉ីចែកចេញជា ដង ព្រលួត ប្រកៀន (ធរណី) ខ្ទង់ ស្នូក (ប្រអប់សំនៀង) ក្រាញ (គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និង ខ្សែនីឡុង៕