(ភ្នំពេញ)៖ ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់ ក្រុមហ៊ុន Metfone ត្រៀមខ្លួនប្រារព្ធពិធីអបអរទាំងនៅក្នុងក្រុមហ៊ុន និងតាមរយៈការចូលរួមជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាប ហើយក្រុមហ៊ុនក៏ជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ តាមរយៈសំឡេងរោទិ៍ និងការផ្ញើសារខ្លីៗតាមប្រព័ន្ធទូរស័ព្ទផងដែរ ពិសេស ឆ្នាំនេះដែរ Metfone នឹងផ្ដល់ប្រព័ន្ធភ្ជាប់អ៊ីនធឺណិត Wifi ដោយឥតគិតថ្លៃចំនួន៥ នៅទីតាំងសំខាន់ចំនួនពីរ (នៅមុខប្រាសាទអង្គរ និងនៅទីលានជល់ដំរី) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទ Metfone អាចប្រើអ៊ីនធឺណិតដោយឥតគិតថ្លៃ។
នៅទីស្នាក់ការកណ្ដាលរបស់ Metfone និងនៅតាមសាខារបស់ខ្លួនទាំង២២កន្លែង នៅទូទាំងប្រទេស បុគ្គលិកជាង ២០០នាក់ ត្រូវបានអនុញ្ញាតឲ្យសម្រាកពីការងារ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ «ប្រឡងប្រណាំងតុបតែងការិយាល័យស្អាតបំផុត ឆ្នាំ២០១៧»។
ភ្លាមៗនោះ ការិយាល័យរបស់ Metfone ចាប់ផ្ដើមគ្របដណ្ដប់ទៅដោយក្រមា កន្ទេល ដូង ចេក ស្លាធម៌ រូបផ្កាយ និងទង់ជាតិជានិមិត្តរូបនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុងឱកាសនេះ បុគ្គលិកម្នាក់ៗបានចូលរួមវិភាគទានថវិកាដើម្បីទិញគ្រឿងតុបតែងលម្អការិយាល័យ ដោយម្នាក់ៗ ១ដុល្លារ ឬ២ដុល្លារ។ ថវិកាតិចតួចក៏ពិតមែន ប៉ុន្តែ សំខាន់បំផុតនោះ គឺភាពច្នៃប្រឌិត ភាពសាមគ្គីគ្នា និងសារសំខាន់នៃប្រធានបទចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្រៅពីការចាប់រង្វាន់ នេះជាឱកាសដើម្បីឲ្យបុគ្គលិកបានចូលរួមចែករំលែក ប្រៀបដូចកាលយើងរៀបចំតុបតែងដើមឈើគ្រិស្តម៉ាសនៅតាមគ្រួសារនីមួយៗដែរ។ បុគ្គលិក Metfone នាំគ្នាតុបតែងលម្អកន្លែងធ្វើការរបស់ខ្លួន ដោយម្នាក់ៗពោរពេញដោយអារម្មណ៍កក់ក្ដៅ«ជាគ្រួសារតែមួយ»។ កាលពីដើមសប្ដាហ៍មុន បុគ្គលិកជាង២០០នាក់របស់ក្រុមហ៊ុន Metfone បានជួបបដិសណ្ឋារកិច្ចពិសេសជាមួយក្រុមប្រឹក្សាភិបាល និងបានទទួលកាដូឆ្នាំថ្មីមួយកន្ត្រកម្នាក់សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ខ្លួន។
ការចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ នៅខេតសៀមរាប ក្រៅពីការអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅក្នុងក្រុមហ៊ុន Metfone ក៏ចូលរួមការប្រារព្ធបុណ្យប្រពៃណីដ៏ធំនេះ នៅខេត្តសៀមរាបផងដែរ ដែលឆ្នាំនេះជាឆ្នាំទីបីហើយដែលក្រុមហ៊ុនបានចូលរួម។ ឆ្នាំនេះ ក្រុមហ៊ុន Metfone នឹងទទួលខុសត្រូវក្នុងផ្ដល់ការភ្ជាប់សេវាទូរគមនាគមន៍សម្រាប់ការផ្សាយផ្ទាល់ទូរទស្សន៍ ដែលនឹងផ្ដល់ឱកាសឲ្យប្រជាជនទូទាំងប្រទេសបានចូលរួមទស្សនាព្រឹត្តិការណ៍ចូលឆ្នាំថ្មីនៅខេត្តសៀមរាប បន្ថែមពីលើភ្ញៀវទេសចរជាង ១លាននាក់ ដែលគេរំពឹងទុកថានឹងមកទស្សនាខេត្តសៀមរាប។
លោក Nhong Dinthan អគ្គនាយករង មានប្រសាសន៍ថា ៖ «វាជាមោទនភាពផង និងជាកាតព្វកិច្ចផង ដែលយើងចូលរួម និងផ្ដល់វិភាគទាន តាមដែលយើងអាចធ្វើបាន ដើម្បីគាំទ្រ ដល់ព្រឹត្តិការណ៍បុណ្យជាតិដ៏ធំនេះ។ ក្រុមហ៊ុនរបស់យើងនឹងខិតខំធ្វើការដើម្បីធានាសេវាទូរគមនាគមន៍ ដែលមានគុណភាពល្អបំផុតនៅក្នុងព្រឹត្តិការណ៍នេះទាំងមូល»។
នៅចុងបញ្ចប់ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងរវាងអ្នកស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុននឹងផ្ដល់ស៊ីមកាតចំនួន៣៤០០ដល់អ្នកស្ម័គ្រចិត្តទាំង ដែលក្នុងនោះមានផ្ទុកទិន្នន័យ អាចប្រើហ្វេសប៊ុកឥតគិតថ្លៃចំនួន ៦ខែ នៅក្នុងស៊ីមកាតនីមួយៗ។ ខុសពីកញ្ចប់សេវាបណ្ដាញសង្គមភាគច្រើននៅលើទីផ្សារ Metfone ផ្ដល់កញ្ចប់សេវាប្រើហ្វេសប៊ុកដោយគ្មានកំណត់ ក្នុងនោះរួមទាំងការប្រើ messenger និងទិន្នន័យផ្សាយផ្ទាល់វីដេអូ ក្នុងតម្លៃតែ៥០សេនក្នុងមួយខែ។ ការផ្លាស់ប្ដូរនិងចែករំលែករូបភាពនិងវីដេអូនៅលើហ្វេសប៊ុក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងកាន់តែមានភាពងាយស្រួលខ្លាំងថែមទៀតនៅឆ្នាំនេះ៕
សួស្ដីឆ្នាំថ្មី !!!!!!