(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ម៉ាឈឿន ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានវត្ដមានគណបក្សប្រឆាំងផ្សេងៗដែរ ពិសេសសុខសន្ដិភាព ជូនប្រជាពលរដ្ឋកម្ពុជា មកទល់នឹងបច្ចុប្បន្ននេះ។

លោកនាយឧត្តមសេនីយ៍ បានថ្លែងបែបនេះក្នុងឱកាសលោក ដឹកនាំប្រជាជនអ្នកភូមិជើងឆ្មុក ប្រារព្ធពិធីព្រះពុទ្ធសាសនា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។   

លោកនាយឧត្តមសេនីយ៍បន្ដថា «សន្ដិភាពនេះ គឺមិនមែនបានដោយងាយៗទេ គឺបានមកពីការដឹកនាំដ៏ឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា ព្រោះថាកម្ពុជាយើងបានឆ្លងកាត់នូវសង្គ្រាម ជាច្រើនដំណាក់កាល ដោយសង្គ្រាមមួយដំណាក់កាលៗបានសម្លាប់ប្រជាជនយើង ជាច្រើនលាននាក់ គ្មានសិទ្ធិសេរីភាព គ្មានព្រះសង្ឃ វត្ដអារ៉ាម សាលារៀន មន្ទីរពេទ្យ គ្មានការជួបជុំ មានតែការព្រាត់ប្រាស់ ស្លាប់ដោយសារឥតអាហារ តែក្រោយពីមាន​ការអ្នក​តស៊ូជាច្រើនដំណាក់កាល រហូតមកដល់ឆ្នាំឆ្នាំ១៩៩៨ ទើបប្រទេសជាតិយើង មានសន្ដិភាពពិតប្រាកដ ដោយសារថ្នាក់ដឹកនាំ​គណបក្សប្រជា​ជនកម្ពុជា ដែលលោកខិតខំប្រឹងប្រែង ដើម្បីវាយបណ្ដេញគ្រប់សត្រូវទាំងអស់ ដែលយើងមិនត្រូវបំភ្លេចនូវការ​ខិតខំប្រឹងប្រែងស្ដារជាតិ​ឡើងវិញនោះទេ ដែលធ្វើឲ្យមានការអភិវឌ្ឍន៍ដ៏ជឿនលឿន ដូចសព្វថ្ងៃនេះទេ» ។

លោកបន្ដថា «បំភ្លេចយ៉ាងម៉េច បើសូម្បីតែគណបក្សប្រឆាំងខ្លួនឯងហ្នឹង បើសិនជានៅមាន ប៉ុល ពត ឬសង្គ្រាម ក៏គ្មានគណបក្សប្រឆាំងដែរ ដូច្នេះគណបក្សប្រឆាំងត្រូវគិតខ្លួនឯងថា គណបក្សប្រជាជនកម្ពុជាហ្នឹងហើយ ដែលអាចឲ្យគណបក្សទាំងនោះ មានសកម្មភាព ឬដំណើរការអ្វីគ្រប់​យ៉ាងដូចសព្វថ្ងៃនេះ និយាយរួមកំណើតកើតជាគណបក្សប្រឆាំងផ្សេងទៀត បើគ្មានគណបក្សប្រជាជនទេ ក៏គ្មានកំណើតនៅកម្ពុជានេះដែរ»។

នាយឧត្តមសេនីយ៍ ម៉ា ឈឿន ក៏បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នូវការសួរសុខទុក្ខ និងបួងសួងដល់គុណព្រះ​រតនត្រ័យ វត្ថុស័ក្ដិសិទិ្ធ ទាំងអស់ក្នុងលោក និងទេវតារក្សាកម្ពុជា ពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា សូមប្រោះព្រំប្រសិទ្ធិពរជូនប្រជារាស្ដ្រទូទាំងប្រទេស សូមប្រកបដោយ​ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕