Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលសាលាខេត្តពោធិ៍សាត់ សូត្រមន្តបណ្តេញនូវឧបទ្រុបចង្រៃដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរឆ្នាំថ្មី

11-04-2017 22:38

(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បាននិមន្តព្រះសង្ឃចំនួន៧ព្រះអង្គ ធ្វើពិធីសូត្រ​មន្តចម្រើន​ព្រះបរិត្ត ដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពស២៥៦០ គស២០១៧ នាពេលខាងមុខនេះ។

ពិធីនេះបានការអញ្ជើញចូលរួមពី លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការគ្រប់ទីចាត់ គ្រប់ការិយាល័យចំណុះសាលាខេត្តពោធិ៍សាត់ និងលោកអាចារ្យ យាយជីតាជី យ៉ាងច្រើនកុះករ។

បន្ទាប់ពីលោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត បានអុជទានធូបរួចមក លោកអាចារ្យបានចាប់ផ្តើមសូត្រ នមាស្សការថ្វាយបង្គំព្រះរតនត្រៃ ដើម្បីគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើងរួចមក ព្រះសង្ឃក៏បានសូត្រស្វាធ្យាយជយន្តោ ប្រោះព្រហ្មនូវពុទ្ធមង្គលជ័យ សូមឲ្យទេវតាឆ្នាំថ្មី ដែលត្រូវព្រះបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលគង់នៅចាតុមហារាជិកា ដែលបានយាងចុះមកអភិបាលរក្សាទឹកដី នៃកម្ពុជា ក៏ដូចជាខេត្តពោធិ៍សាត់។ សូមឲ្យសន្តិភាពជារៀងរហូតតទៅ និងសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក មានគុណបុណ្យព្រះរតន:ត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី បញ្ចេញនូវមហិទ្ធិរិទ្ធិថ្វាយនូវសព្ទសាធុការពរ មហាសួរស្តី មហាបវរ មហាប្រសើរ និងមហាវិបុលសុខគ្រប់ប្រការ ជូនចំពោះលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រីហ៊ុន ចាន់ធី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងបុត្រាបុត្រី និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ សូមជួបប្រទះតែសេចក្តីសុខ ពុំមានជំងឺដង្កាត់ណាមកបៀតបៀន សូមឲ្យសុខភាពបរិបូណ៌ និងមានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីឈានទៅក្នុងការដឹកនាំរដ្ឋបាលថ្នាក់ជាតិ នៅខេត្តពោធិ៍សាត់ ទទួលបានជោគជយ័បន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ក៏បានចែកជូនក្រណាត់ស ដល់យាយជីតាជី ចំនួន២០នាក់ និងថវិកាម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕