(ភ្នំពេញ)៖ រដ្ឋបាលរាជធានី នឹងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីរង្វង់មូលទួលគោក នៅម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ បើយោងតាមការបញ្ជាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តាមរយៈ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី១១ ខែមេសានេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បន្ទាប់ពីបានលុបរង្វង់មូលទួលគោក លាបគំនូសចរាចរណ៍ តម្លើងបង្គោលភ្លើងស្តុប តម្លើងគោមស្តុប ទូរបញ្ជារ និងរត់ខ្សែបណ្តាញ នៅថ្ងៃស្អែក នឹងភ្ជាប់ចរន្តអគ្គិសនីដាក់អោយដំណើរការតទៅ។
ជាមួយគ្នានេះ លោកអភិបាលក៏បានអំពាវនាវ សូមចូលរួមគោរពច្បាប់ចរាចរ និងភ្លើងស្តុបទាំងអស់គ្នា៕