(បន្ទាយមានជ័យ)៖​​ នៅម៉ោង៨៖៣០នាទីយប់​ ថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៧នេះ មានករណីអគ្គិភ័យបានកើតឡើងនៅក្នុងរោងចក្រផលិត Hard Disk ស្ថិត​ក្នុងភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មករ៣នាក់របួស។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្ដាឲ្យមានអគ្គិភ័យនេះ ដោយសារតែធ្លាយប្រព័ន្ធបណ្តាញបំពង់ហ្គាស ដែលនៅកៀក និងឡស្លរអាលុយមីញូម។ ក្នុងហេតុការណ៍នេះ ដែលបណ្ដាលឲ្យកម្មករ៣នាក់រងរបួស ក្នុងស្រីម្នាក់ និងខូចខាតឡស្លរអាលុយមីញ៉ូមចំនួន២ផងដែរ។

តែជាយ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះ បានរលត់ទៅវិញដោយសារតែមានការជួយអន្ដរាគមន៍ទាន់ពេល ពីកម្លាំងអធិការក្រុងប៉ោយប៉ែត​ កម្លាំងអាវុធហត្ថក្រុង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

\