(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីជួបជុំក្រុមគ្រួសារអ្នកសារព័ត៌មាន និងពិសាអាហារពេលល្ងាចជាមួយគ្នា ដោយមានការចូលរួមពីស្ថាប័ន អង្គភាព និងក្រុមអ្នកសារព័ត៌មានគ្រប់និន្នាការនៅកម្ពុជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីស្នាក់ការរបស់ខ្លួនផ្ទាល់។

កម្មវិធីដ៏សប្បាយរីករាយនេះ ធ្វើឡើងក្រោមវត្តមាន លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក និងសមាជិកទាំងអស់ ដែលទាំងនេះ គឺជាសញ្ញាវិជ្ជមានជាក់ស្ដែងមួយ បង្ហាញថា កម្ពុជាកំពុងជ្រកក្រោមដំបូលសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ បង្កការអនុគ្រោះឲ្យប្រជាពលរដ្ឋ អង្គភាពរដ្ឋ-ឯកជនទាំងឡាយ មានឱកាសប្រារព្ធពិធីបុណ្យ កម្មវិធីកម្សាន្តសប្បាយតូចធំនានា តួយ៉ាងដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីជួបជុំជួបនេះជាដើម។

ពិតណាស់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់ នៅពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើរទៅមកជិតឆ្ងាយនានា ដើម្បីការពារអាយុជីវិតរបស់យើង និងជីវិតអ្នកដទៃ ឲ្យចៀសផុតពីគ្រោះថ្នាក់ទាំងពួង។

សូមទស្សនារូបភាពសប្បាយៗ ក្នុងពិធីជួបជុំពិសាអាហារពេលល្ងាច របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដូចខាងក្រោម៖