(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសហព័ន្ធសហជីពកម្ពុជា (NACC) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា (CLUF) បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តគ្រប់ប្រភេទ គួរមានការយោគយល់ដល់ប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរ កុំដំឡើងថ្លៃជិះរថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត។
លោកអំពាវនាវបែបនេះ នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិត ចំនួន២រោងចក្រ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ។
លោកមានសំណូមពរ ៥យ៉ាង ដល់កម្មករ-កម្មការិនី ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធ រួមមាន៖
១៖ សំណូមពរដល់រថយន្តឈ្នួលគ្រប់ប្រភេទកុំដំឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់កម្មករគ្រប់វិស័យ ជាង១លាននាក់។
២៖ សំណូមពរដល់លោកថៅកែរោងចក្រ យោគយល់ចំពោះសហជីព និងកម្មករ ដើម្បីរៀបចំពេលវេលា នៃការឈប់សម្រាករបស់កម្មករនិយោជិត ឲ្យបានសមរម្យ។
៣៖ ស្នើសុំដល់ភាគីរោងចក្រ អនុវត្តសេចក្តីណែនាំរបស់ក្រសួងការងារ ដោយបើកប្រាក់ខែឲ្យបានមុនចូលឆ្នាំ ឬផ្តល់ប្រាក់កម្ចីសមរម្យជូនកម្មករ សម្រាប់ធ្វើដំណើរទៅបុណ្យចូលឆ្នាំ នៅស្រុកកំណើត។
៤៖ បើកម្មករមកវិញមានការយឺតយ៉ាវ សូមលោកថៅកែមេត្តាយោគយល់ កុំបញ្ឈប់ ឬកាត់ប្រាក់ខែ ហើយបើមានបញ្ហាកើតឡើង ត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី។
៥៖ សំណូមពរដល់កម្មករទាំងអស់ និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នក្នុងធ្វើដំណើរតាមដងផ្លូវ គោរពច្បាប់ចរាចរណ៍ កុំបើកលឿន ពេលបើកបរកុំផឹកគ្រឿងស្រវឹង។
នាឱកាសនោះ មានពិធីពិសារអារហារសាមគ្គី និងរាំកម្សាន្តជាមួយកម្មករនិយោជិត នៃរោងចក្រជីហ្វម៉ូស ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោក ហែម ណារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ផងដែរ និងរោងចក្រយីដា មានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល៕